ទិវាអន្តរជាតិខួបលើកទី២ ស្តីពីធនធានអនុផលព្រៃឈើ នៅស្រុកកំពង់ស្វាយ ក្រោមប្រធានបទ(ព្រៃឈើ អាហារ និង សុខភាព ការចិញ្ចឹមជីវិតទៅថ្ងៃអនាគតរបស់យើងជាមួយនឹងអនុផលព្រៃឈើ)
(កំពង់ធំ)÷ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ អង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា NTFP-E P កម្ពុជា បានរៀបចំទិវានេះធ្វើឡើងនៅសហគមន៍ព្រៃឈើព្រៃហុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកស្រី យឹង ហ៊ាប ជាមេឃុំដំរីស្លាប់ លោកស៊ឹម ប៊ុនធឿន ប្រធានកកម្មវិធីប្រចាំប្រទេស ប្រជាពលរដ្ឋក្នុងភូមិសង្គម គណកម្មការសហគមន៍ព្រៃឈើព្រៃហុំ គណគម្មការព្រៃឈើត្រពាំងល្អាក់ ស្រុកកំពង់ស្វាយ និងគណកម្មការព្រៃឈើព្រៃក្បាលបី ស្រុកសន្ទុក ខេត្តកំពង់ធំ អ្នកចូលរួមចំនួន៦៧នាក់ ស្រី៥៤នាក់ អញ្ជើញចូលរួមក្នុងកម្មវិធីទិវាអន្តរជាតិខួបលើកទី២ ស្តីពីធនធានអនុផលព្រៃឈើ ទៅស្រុកកំពង់ស្វាយ ក្រោមប្រធានបទ(ព្រៃឈើ អាហារ និង សុខភាព ការចិញ្ចឹមជីវិតទៅថ្ងៃអនាគតរបស់យើងជាមួយនឹងអនុផលព្រៃឈើ) ពិធីនេះធ្វើនៅភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឆ្លៀតក្នុងឱកាសនេះលោកស្រី យឹង ហ៊ាប ជាមេឃុំដំរីស្លាប់បានគូសបញ្ជាក់ថា ទិវារនេះរៀបចំឡើងក្នុងគោលបំណង ដឹងគុណ ចំពោះព្រៃឈើដែលផ្តល់នូវ អាហារ ឧសថ សុខភាព និងនិងតម្រូវការផ្សេងៗទៀត និងដើរតួយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងបានថែរក្សាបរិស្ថានរបស់យើងតាំងពីយូរលង់ណាស់មកហើយ។ ធនធានអនុផលព្រៃឈើបានផ្តល់ជាអាហារ និងការចិញ្ចឹមជីវិតដល់ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន។
លោកស៊ឹម ប៊ុនធឿន បានលើកឡើងថា ជារៀងរាល់ថ្ងៃទី០៩ ខែតុលា យើងប្រារព្ធទិវាអន្តរជាតិស្តីពីធនធានអនុផលព្រៃឈើ ដែលជាចំណែកមួយ នៃការដឹងគុណចំពោះព្រៃឈើដែលបានផ្តល់នូវ អាហារ ឱសថ សុខភាព និងតម្រូវការប្រើប្រាសផ្សេងៗទៀត និងដើរតួយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងបានថែរក្សាបរិស្ថានរបស់យើងតាំងពីយូរលង់ណាស់មកហើយ។ ធនធានអនុផលព្រៃឈើបានផ្តល់ជាអាហារ និងការចិញ្ចឹមជីវិត ដល់ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន។ ឆ្នាំនេះជាខួបលើកទី២ នៃទិវាអន្តរជាតិស្តីពីធនធានអនុផលព្រៃឈើ ដែលប្រធានបទឆ្នាំនេះគឺ “ព្រៃឈើ អាហារ និង សុខភាព៖ ការចិញ្ចឹមជីវិតទៅថ្ងៃអនាគតរបស់យើងជាមួយនឹងអនុផលព្រៃឈើ”។
លោកស៊ឹម ប៊ុនធឿន ប្រធានកកម្មវិធីប្រចាំប្រទេស បានបន្ថែមទៀតថាការអនុវត្តគម្រោងពង្រឹងសមត្ថភាពលើភាពធន់នឹងភ្លើងឆេះព្រៃ ការចិញ្ចឹមជីវិត និងការផ្សារភ្ជាប់ទីផ្សារជាមួយរដ្ឋបាលព្រៃឈើ តាមរយៈអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ាន AFOCO-CLMV ដោយមានប្រទេសអនុវត្តគម្រោងចំនួន៤នៅក្នុងតំបន់រួមមាន(កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម)។ គម្រោងនេះមានគោលបំណងធំៗចំនួន៣គឺ÷ ១.បង្កើតប្រព័ន្ធគ្រប់គ្រងព្រៃឈើរួមបញ្ចូលគ្នា តាមរយៈការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធពិនិត្យ និងតាមដានទាន់ពេលវេលា ការផ្តល់ឧបករណ៍ពន្លត់អគ្គីភ័យ និងការចូលរួមពីសហគមន៍មូលដ្ឋាន រួមជាមួយនឹងការស្តារដីព្រៃដែលរំខានដោយភ្លើង (អនុវត្តដោយរដ្ឋបាលព្រៃឈើ)។ ២.ការពង្រឹងសមត្ថភាព និងការផ្សារភ្ជាប់ទីផ្សារក្នុងសហគមន៍ព្រៃឈើតាមរយៈសហគ្រាសធនតូច និងមធ្យម។ ៣.ការពង្រឹងសមត្ថភាពស្ថាប័ន និងបច្ចេកទេសចម្រុះសម្រាប់ការ គ្រប់គ្រងភ្លើងឆេះព្រៃ តាមរយៈកម្មវិធីបណ្តុះបណ្តាល និងសកម្មភាពលើកកម្ពស់ការយល់ដឹងជាសាធារណៈដល់សហគមន៍។ អង្គការNTFP-EP បាននឹងកំពុងចាប់ដៃគូជាមួយសហគមន៍ចំនួន១០ស្ថិតក្រោមឆ័ត្ររបស់សហគមន៍ព្រៃឈើក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប កំពង់ធំ និងព្រះវិហារ តាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ានកូរ៉េ (AKCF) មានរយៈពេល៣៦ខែ គិតចាប់ពីខែមករា ឆ្នាំ២០២៣ ដល់ខែធ្នូ ឆ្នាំ២០២៥។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។