រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមរមរតនកោដ្ឋ គម្រប់ខួប១៣ឆ្នាំ នៃការយាងសោយព្រះទិវង្គត (១៥ តុលា ២០១២-១៥ តុលា ២០២៥)
(កំពង់ធំ)៖ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកំពង់ធំ លោក លោកស្រី ប្រធានមន្ទីរ មន្រ្តីរាជការអង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានសាលាដំបូងខេត្ត និងថ្នាក់ដឹកនាំអយ្យការអមសាលាដំបូងខេត្ត បានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៣ឆ្នាំ នៃការយាងសោយព្រះទិវង្គត (១៥ តុលា ២០១២-១៥ តុលា ២០២៥) ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលា ខេត្តកំពង់ធំ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។
ក្រៅពីធ្វើពិធីសាសនា អភិបាលខេត្តកំពង់ធំ បានថ្លែង ក្នុងទឹកមុខក្រៀមក្រំ និងសោកស្តាយយ៉ាងក្រៃលែងដើម្បីចូលរួមគោរព “ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១៣ឆ្នាំ ដែលព្រះអង្គបានយាងចូលទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ កន្លងទៅ។
ឯកឧត្តម បានបន្តឱ្យដឹងថា ការរៀបចំពិធីបង្សកូល និងគោរពវិញ្ញាណក្ខ័ននេះឡើងដើម្បីបង្ហាញនូវសេចក្តីគោរពស្រឡាញ់ ដែលពោរពេញទៅដោយភក្ដីភាពដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបានរបស់ប្រជារាស្ត្រខ្មែរចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ដែលព្រះអង្គបានបន្សល់ទុកនូវស្នាព្រះហស្ថជាច្រើន សម្រាប់ប្រទេសជាតិនិងប្រជារាស្រ្តរបស់ព្រះអង្គ ដែលក្នុងការទាមទាមបានឯករាជ្យទាំងស្រុង ពីអាណានិគមន៍និយមបារាំងនិងការទាមទារនូវប្រាសាទព្រះវិហារខ្មែរមកវិញ ពីប្រទេសសៀម ព្រមទាំងការបង្រួបបង្រួមផ្សះផ្សាជាតិ និងបានកសាងសមិទ្ធផលធំៗជាច្រើនទៀត។
ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍បន្ថែមថា គំរូវីរៈភាពរបស់ព្រះមហាវិរៈក្សត្រនឹងធ្វើឱ្យយើងជាប្រជារាស្រ្ត ចងចាំជានិច្ចហើយ និងយកគម្រូតាម ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រឹងប្រែងកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យឡើងថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រជានុរាស្រ្ត មានជីវភាពកាន់តែល្អប្រសើរឡើង។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យរួច។