ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ប៉ែន សុខឿន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ
រសៀលថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ប៉ែន សុខឿន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ
នៅគេហដ្ឋាន នៃសព ក្នុងភូមិ ទី៦ សង្កាត់ កំពង់ធំ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងចូលរួមរំលែកមរណៈទុក្ខ ជូនចំពោះលោកជំទាវ អ៊ឹង ហ្គេចលាង ព្រមទាំងក្រុមគ្រួសារ នៃសព ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល បន្តថ្លែងថា តាំងនាមថ្នាក់ដឹកនាំ និងជាមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំទាំងអស់ មានសេចក្តីសង្វេគដ៏ក្រៀមក្រំ រន្ធត់ចិត្តឥតឧបមា និងសោកស្តាយរកអ្វីប្រៀបផ្ទឹមពុំបាន បន្ទាប់ពីបានទទួលដំណឹងដ៏សែនក្រៀមក្រំអំពីមរណភាពរបស់ ឯកឧត្តម ប៉ែន សុខឿន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ ដែលត្រូវជាឧត្តមស្វាមីរបស់ លោកជំទាវ អ៊ឹង ហ្គេចលាង បានទទួលមរណៈភាពកាលពីថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦២ ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់ ឯកឧត្តម ប៉ែន សុខឿន គឺជាការបាត់បង់ស្វាមី ឪពុកបង្កើត ឪពុកក្មេក និងជីតា ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ ព្រមទាំងបាត់បង់នូវធនធានមនុស្ស និងឥស្សរជនមួយរូបដែលធ្លាប់ចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការបម្រើជាតិមាតុភូមិ ជាពិសេសបានបន្សល់ទុកនូវស្នាដៃជាច្រើននៅក្នុងខេត្តកំពង់ធំ និងសង្គមជាតិ។
ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំសោកសង្រេងនេះ លោកស្នងការ សូមគោរពចូលរួមសម្តែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យជាទីបំផុត ជាមួយលោកជំទាវ និងក្រុមគ្រួសារសាច់ញាតិដោយសេចក្តីសង្វេក និងសូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យ ជួយយិតយោងដួងវិញ្ញាណក្ខន្ទរបស់ ឯកឧត្តម ប៉ែន សុខឿន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕អត្ថបទខ្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។