សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី/ភារកិច្ច អនាម័យ និងបរិស្ថានដល់ក្រុមប្រឹក្សាក្រុង/ស្រុក ឃុំ/សង្កាត់ នៅស្រុកសណ្ដាន់
(កំពង់ធំ)÷ លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ អ្នកសម្របសម្រួលថ្នាក់ខេត្ត លោកអភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក/ឃុំ និងលេខាធិការសមាគម បានអញ្ជើញចូលរួមក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពីតួនាទី/ភារកិច្ចអនាម័យ និងបរិស្ថាន ដល់ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៥។
លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងថាដោយមានសំណូមពរពីរដ្ឋបាលស្រុក ក៏ដូចជាក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំស្នើសុំឱ្យសមាគមរៀបចំវគ្គបណ្តុះបណ្តាល អំពីតួនាទី និងភារកិច្ច អនាម័យ និងបរិស្ថាន ការបង្កើតមត្តេយ្យសហគមន៍ និងការប្រើប្រាស់ថវិការសេវាសង្គម សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកំពង់ធំ បានសហការជាមួយអង្គការអេដ អេ អាក់ ស្យុង (AEA) រៀបចំវគ្គបណ្តុះបណ្តាលដល់ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំទាំងអស់ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ។
លោកប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំបានបង្ហាញពីគោលបំណងនៃវគ្គបណ្តុះបណ្តាលដល់ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំ សូមឱ្យសិក្ខាកាមយល់ដឹងកាន់តែច្បាស់អំពីតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំ អាចបង្កើនការយល់ដឹងអំពីសូចនាកររបស់បញ្ហាសេវាសង្គម អនាម័យ និងបរិស្ថានគាំទ្រលើកទឹកចិត្តដល់អ្នកចូលរួម។ សិក្ខាកាមមានសមត្ថភាព រៀបចំលើការគ្រោងផែនការសកម្មភាព និងថវិកាឃុំ សង្កាត់។ ចេះគ្រប់គ្រង ចាត់ចែង ចំពោះមុខចំណាយ អនាម័យ និងបរិស្ថានអាចយល់ដឹងបន្ថែមអំពីការបង្កើតមត្តេយ្យសហគមន៍។
ជាចុងក្រោយលោក គៀង សេងគី បានវាយតម្លៃពីលទ្ធផលរំពឹងទុកគឺសិក្ខាកាមយល់ដឹងការអនុវត្តអំពីតួនាទី/ភារកិច្ចក្នុងការរៀបចំផែនការសកម្មភាព និងការគ្រោងថវិកា សេវាសង្គមអនាម័យ និងបរិស្ថាន។ ពួកគាត់ចេះកំណត់បញ្ហាអំពីការប្រើប្រាស់ថវិកាសេវាសង្គម និងចេះគ្រោងមាតិកាចំណាយអំពីសេវាសង្គមផងដែរ។(អត្ថបទសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ.ពិនិត្យដោយអ៊ុមញឹប។)