បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រៀបចំពិធីសូត្រមន្តបង្សុកូល រាប់បាត្រ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ព នៃកងយោធពលខេមរភូមិន្ទ ដែលបានពលីជីវិតដើម្បីការពារបូរណភាពទឹកដីកម្ពុជា
(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ បានរៀបចំពិធីសូត្រមន្ត បង្សុកូល រាប់បាត្រ ឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធរបស់កម្មាភិបាលយុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា ដេីម្បីបុព្វហេតុសន្តិភាព និងឧទ្ទេសកុសលជូនដល់វិញ្ញណ្ណក្ខ័ន្ឋវីរកងទ័ព នៃកងយោធពលខេមរភូមិន្ទ ដែលបានពលីជីវិតដ៏អង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដីពីការឈ្លានពានដ៏ឃោឃៅព្រៃផ្សៃពីទាហានសៀម ។ ពិធីនេះ ប្រព្រឹត្តទៅនៅវិមានរំលឹកគុណយុទ្ធជនពលី នៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំ នៅក្នុងរដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយមេបញ្ជាការគ្រប់បណ្ដាកងឯកភាពចំណុះ ព្រមទាំងក្រុមគ្រួសារ តែងតែបានរៀបចំពិធីសូត្រមន្ត បង្សុកូល រាប់បាត្រ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីការពារ ទប់ស្កាត់ ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានចូលរួមចំណែកអនុវត្តនូវនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា នាំមកនូវសុខសន្តិភាពនិងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់បន្ថែមទៀតថា៖ ឆ្នាំនេះថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមគោរពដឹងគុណជានិច្ច ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជននៃកងយោធពលខេមរភូមិន្ទ ដែលបានពលីជីវិតដ៏អង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី ទប់ស្កាត់ការឈ្លានពានពីពួកចោរសៀម នៅតាមព្រំដែនកម្ពុជា-ថៃ នាពេលកន្លងទៅថ្មីៗនេះ និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនយើងបានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងឱកាសនេះ យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ បានរាប់បាត្រ និងដុតធូប នៅតាមផ្នូរសពកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមស៊ីវិល ដេីម្បីការពារទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍ប៉ុល ពត វឹលត្រឡប់មកវិញ និងប្រគេនតេយ្យទាន ព្រមទាំងបច្ច័យមួយចំនួន ដល់ព្រះសង្ឃនៅវត្តបទុមរតន៍ ហៅវត្តក្រចាប់ ក្នុងការផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃក្នុងរដូវបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ និងសម្រាប់កសាងសមិទ្ធផលនានានៅក្នុងទីអារ៉ាមនៃវត្តនេះផងដែរ។ អត្ថបទដោយតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។