អភិបាលខេត្តកំពង់ធំ សំណេះសំណាស និងពិនិត្យការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST ប្រវែង ១១,៧ គីឡូម៉ែត្រ ស្ថិតនៅឃុំបាក់ស្នា ស្រុកបារាយណ៍
(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ សំណេះសំណាសជាមួយប្រជាពរដ្ឋ និងពិនិត្យការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST ប្រវែង ១១,៧ គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិប៉ាក់ស្នាក្រោម ទៅកាន់ភូមិកំពង់ក្របី ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ ។
ក្នុងឱកាសនោះ ឯកឧត្តម បានបញ្ចាក់ថា នេះគឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ឃុំ មានហេដ្ឋារចនាសម្ព័ន្ធ ដែលជាចរន្តសេដ្ឋកិច្ចមួយ ក្នុងសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងកែប្រែជីវភាពប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើងថែមទៀត។
ឯកឧត្តមបន្តថា ខេត្តកំពង់ធំ គឺជាខេត្តដែលបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់លើវិស័យកសិកម្មក្នុងខេត្តកំពង់ធំ នឹងប្រែក្លាយកសិកម្មជាលក្ខណៈគ្រួសារ ឱ្យទៅជាសហគមន៍កសិកម្មទំនើប ក្នុងនោះដំណាំស្វាយចន្ទី។ ខណៈដែលខេត្តកំពង់ធំ គឺជាស្នូលនៃគោលនយោបាយ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការប្រែក្លាយកម្ពុជាទៅជាអធិរាជស្វាយចន្ទី។ ក្នុងអាណត្តិទី៧ បានអនុគ្រោះពន្ធបន្ថែមលើវិស័យកសិកម្ម បន្តមិនយកពន្ធដីកសិកម្មជាលក្ខណៈគ្រួសារ ការនាំចូលសម្ភារកសិកម្ម កសិផលកសិកម្ម និងការលើកលែងអាករតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារជាមូលដ្ឋានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ជាចុងក្រោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សាផ្លូវនេះ ប្រកដោយការទទួលខុសត្រូវ ដើម្បីឲ្យផ្លូវនេះកាន់តែរឹងមាំ ជាប់យូរអង្វែង ជាពិសេស សោភ័ណភាពសណ្ដាប់ធ្នាប់ តាមបណ្ដោយផ្លូវក្នុងមូលដ្ឋានមើលទៅកាន់តែស្រស់ស្អាត ដោយចូលរួមថែទាំទាំងអស់គ្នា។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យរួច។