សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បូកសរុបលទ្ធផលការងារសម្រេចបាន ក្នុងឆមាសទី១ ឆ្នាំ ២០២៥ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត
(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរង និងជាប្រធានក្រុមលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ ស្ដីពីលទ្ធផលសំខាន់ៗ ដែលសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៥ មានដូចជា៖ ការបើកប្រាក់បេឡាមរណៈសង្គ្រោះជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជនបានចំនួន ៤៦សព ស្មើនឹងថវិកាចំនួន ១៨៤,០០០,០០០រៀល និងបានសហការជាមួយស្ថាប័នមូលនិធិជំនួយសង្គម បើកប្រាក់ធានារ៉ាប់រងសង្គមជូនគ្រួសារសពអតីតយុទ្ធជនបានចំនួន ៤៩គ្រួសារសព ស្មើទឹកប្រាក់ ៧១០,៥៦៤,២៩៨រៀល និងបានបញ្ជាក់ជូនអំពីទិសដៅមួយចំនួនដែលត្រូវអនុវត្តបន្ត។
បន្ទាប់ពីសមាជិកអង្គប្រជុំ បានឡើងពិភាក្សាគ្នាយ៉ាងផុលផុស ក្នុងការបំពេញបន្ថែម លើរបាយការណ៍និងទិសដៅរួចមក ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានឡើងថ្លៃនូវការកោតសរសើរ ចំពោះក្រុមលេខាធិការដ្ឋាននៃសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមបតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នៅគ្រប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចទទួលបានជោគជ័យគួរជាទីមោទនៈ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់អំពីលទ្ធផលសំខាន់ៗដែលគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៥ កន្លងទៅនេះ មានជាអាទិ: បានដំណើរការសាងសង់ផ្ទះថ្មីចំនួន ៦៥ខ្នង និងបានប្រគល់ផ្ទៃដីសម្បទានសង្គមកិច្ចជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនដែលគ្មានដីគ្មានផ្ទះ ចំនួន ៦៥ហិកតា ព្រមទាំងបានគ្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ តភ្ជាប់នៅក្នុងភូមិប្រមាណ ១០គីឡូម៉ែត្រ ដែលគ្រោងដំណើរការនៅក្នុងរដូវប្រាំងខាងមុខនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រោមអធិបតីភាពឯកឧត្ដមទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ជាមួយនោះដែរ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ក៏បានរៀបចំខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា នឹងបានឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានចំនួន ២៥០គ្រួសារ តាមរយៈឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ច សំខាន់ៗមួយចំនួន ជូនដល់ក្រុមលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នៅគ្រប់ថ្នាក់ ត្រូវបន្តរួមគ្នាយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង និងបម្រើអតីតយុទ្ធជនរបស់យើងបន្តទៀត ប្រកបដោយគុណធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់ ។ ជាមួយនោះដែរ ត្រូវប្រុងប្រៀបរៀបចំរកសប្បុរសជនជួយឧបត្ថម្ភគ្រឿងបំពាក់ផ្សេងៗនៅក្នុងស្នាក់ការ និងការធ្វើរបងស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលទើបសាងសង់រួច ដើម្បីរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខ៕ អត្ថបទដោយ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។