គ្រឹះស្ថានសិក្សារបស់គម្រោងអង្គការហែឡែន ខែលល័រអន្តរជាតិ ប្រចាំខេត្តកំពង់ធំ ចំនួន១៣សាលារៀប ក្នុងស្រុកសន្ទុក រៀបចំពិព័ណ៌ស្ដីពីអាហារសុខភាព
(កំពង់ធំ)៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ សហការជាមួយមន្ត្រីសម្របសម្រួលអង្គការហេឡែន ខេលល័រ អន្តរជាតិ(Helen keller Intl) ក្រោមជំនួយឧបត្ថម្ភពីមូលនិធិទឹកនោមផ្អែមសកល (WDF) បានរៀបចំពិព័ណ៌ស្ដីពីអាហារសុខភាព នៅតាមសាលារៀនគោលដៅចំនួន១៣ក្នុងស្រុកសន្ទុក។
ក្នុងពិធីតាំងពិព័ណ៌អាហារនេះ លោកប៊ី រីដែន មន្ត្រីសម្របសម្រួលអង្គការហេឡែន ខេលល័រ អន្តរជាតិ(Helen keller Intl) បានលើកឡើងថាការដាក់តាំងពិព័ណ៌អាហារនេះ គឺនឹងធ្វើឡើងនៅ២០សាលារៀនគោលដៅ ក្នុងនោះនៅស្រុកសន្ទុកចំនួន១៣សាលារៀន និងស្រុកស្ទោងចំនួន០៧សាលារៀន ក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងពីប្រភេទអាហារសុខភាព ដែលបានមកពីសហគមន៍ ការយល់ដឹងស្ដីពីការកាត់បន្ថយហានិភ័យជំងឺមិនឆ្លងនៅកម្ពុជា ដោយជំរុញការយល់ដឹងបន្ថែមពីផលវិបាក និងការបង្ការជំងឺមិនឆ្លង ឥរិយាបថរស់នៅប្រកបដោយសុខុមាលភាព ស្គាល់របបអាហារសុខភាព មានទម្លាប់ប្រើប្រាស់អំបិលតិច ស្ករតិច ខ្លាញ់តិច ពិសេសគឺការលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅតាមសាលារៀន ស្របតាមសេចក្ដីណែនាំលេខ១៨ របស់ក្រសួងអប់រំយុវជន និងកីឡា។
គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីតាំងពិព័ណ៌នេះ មានការ អញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា អាណាព្យាបាលសិស្ស និងប្រជាកសិករដង្ហែបន្លែ ផ្លែឈើប្រមាណ ៦០០នាក់ផងដែរ។ អត្ថបទដោយមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។