បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ ឆ្នាំ ២០២៦ ប្រកាសកែសម្រួលសមាសភាព និងពង្រឹងតួនាទីភារកិច្ច ក្រុមការងារយេនឌ័រ
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទិ៤ បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារបញ្ជ្រាបយេនឌ័រ ឆមាសទី១ និងដាក់ចេញនូវទិសដៅអនុវត្តបន្ត ឆមាសទី២ ឆ្នាំ២០២៦ ព្រមទាំងបានប្រកាសកែសម្រួលសមាសភាពថ្នាក់ដឹកនាំ និងក្រុមការងារមួយចំនួន សំដៅពង្រឹងតួនាទីភារកិច្ចរបស់ការងារបញ្ជ្រាបយេនឌ័រ ឱ្យមានប្រសិទ្ធភាព ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
លោកស្រីវរសេនីយ៍ត្រី អ៊ុត លក្ខិណា ជំនួយការគិលានដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាសមាជិកក្រុមការងារបញ្ជ្រាបយេនឌ័រ បានឡើងអានរបាយការណ៍ស្ដីអំពីលទ្ធផលការងារបញ្ជ្រាបយេនឌ័រ ដែលសម្រេចបាន ក្នុងធមាសទី១ ឆ្នាំ ២០២៦ កន្លងទៅ និងដោយបានគូសបញ្ជាក់អំពីចំណុចខ្លាំង ចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួន ដែលត្រូវរួមគ្នាបន្តដោះស្រាយ ដើម្បីការងារបញ្ជ្រាបយេនឌ័រ ទទួលបានជោគជ័យនៅធមាសទី២ ឆ្នាំ ២០២៦ ខាងមុខនេះ បន្ថែមទៀត ។
លោកស្រី វរសេនីយ៍ទោ យូ មុន្នីរ័ត្ន នាយសេនាធិការរង ប្រធានក្រុមការងារបញ្ច្រាបយេនឌ័រ ដែលទើបបានកែសម្រួលថ្មី និងជាប្រធានយោធិននារី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹកររងកំពង់ធំ បានឡើងអានសេចក្តីសម្រេចស្តីពីកាកែសម្រួល សមាសភាព និងតួនាទីភារកិច្ច របស់ក្រុមការងារបញ្ជ្រាបយេនឌ័រ និងក្រុម ការងារស្ត្រីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលត្រូវបានសម្រេចកែសម្រួលថ្មី និងអនុវត្តចាប់ពីថ្ងៃដែលបានប្រកាសនេះតទៅ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះយោធិននារី រួមជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យ និងស្ថាប័នចំណុះ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានសហការ រួមគ្នា ក្នុងការបំពេញតួនាទីភារកិច្ចការងារបញ្ជ្រាបយេនឌ័រនៅក្នុងអង្គភាព និងគ្រួសារយោធិនគ្រប់រូបបានយ៉ាងល្អប្រសើរ។ ជាមួយនោះដែរ យោធិននារីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការងារសង្គម ក៏ដូចជាការងារសមាគមអតីតយុទ្ធជននិងនិវត្តន៍កម្ពុជានៅខេត្តកំពង់ធំ នាពេលកន្លងទៅផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនចំពោះសមាសភាពថ្នាក់ដឹកនាំក្រុមការងារយេនឌ័រ ដែលទើបកែសម្រួលថ្មី ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ជាមួយនោះដែរ ត្រូវចាត់តាំងអនុវត្តរបៀបរបរការងារឲ្យបានច្បាស់លាស់ ។ ត្រូវមានរបាយការណ៍ និងរបបប្រជុំឱ្យបានទៀងទាត់ ។ ហើយត្រូវចេះសាមគ្គីភាព ឯកភាពគ្នាក្នុងការបំពេញភារកិច្ច ស្របតាមច្បាប់ស្ដីពីលក្ខន្តិកៈ
ទូទៅរបស់កងយោធពលខេមរភូមិន្ទ។
នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ ដែលមានលទ្ធភាព សូមមេត្តាជួយឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈ គ្រឿងឧបភោគបរិភោគ តាមលទ្ធភាព ដែលអាចធ្វើទៅបាន ដេីម្បីជួយដល់ក្រុមការងារយេនឌ័រ ឲ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើសកម្មភាពមនុស្សធម៌ ជួយដល់ជនរងគ្រោះជាស្ត្រី ឬក្រុមគ្រួសារកងទ័ព ឬប្រជាពលរដ្ឋ ជួបគ្រោះមហន្តរាយផ្សេងៗ និងអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅតាមមូលដ្ឋាននានា នៅក្នុងខេត្តកំពង់ធំយេីងផងដែរ ។តំបន់ប្រតិបត្តិការសឹករងកំពង់ធំ.ពិនិត្យអ៊ុមញឹប។








![]()
