ពលរដ្ឋរងគ្រោះ៨គ្រួសារ នៅឃុំច្រនាង ទទួលបានអំណោយមនុស្សធម៍ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក
(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះមាន៨គ្រួសារ ស្ថិតក្នុង៣ភូមិ នៃឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
សូមបញ្ជាក់ថា ហេតុការណ៍ខ្យល់កន្ត្រាក់នេះបានកើតឡើងកាលពីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ដោយមានភ្លៀងលាយឡំ និងខ្យល់បក់ខ្លាំង បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋ០៨ខ្នង រងការខូចខាតកម្រិតស្រាល ដូចជា របើកស័ង្កសី និងក្បឿង។
ក្នុងឱកាសនោះ លោក ហាក់ ម៉ុងហួត បានសម្តែងការសោកស្តាយ និងនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ សម្ដេច និងឯកឧត្តមតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះគ្រប់ពេលវេលា ក្រោមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
ជាមួយគ្នានេះលោក ហាក់ ម៉ុងហួត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នពេលមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដើម្បីធានាសុវត្ថិភាពអាយុជីវិត ទ្រព្យសម្បត្តិ ដោយសារគ្រោះធម្មជាតិ។
សូមបញ្ជាក់ដែរថា អំណោយមនុស្សធម៌អនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក ផ្តល់ជូន០៨គ្រួសារ ក្នុង០១គ្រួសារ រួមមាន៖ អង្ករ២៥គីឡូក្រាម មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរ តង់មួយ និងថវិកា ១៥០,០០០រៀលផងដែរ៕ អត្ថបទ រដ្ឋបាលស្រុកតាំងគោក-ពិនិត្យដោយអ៊ុមញឹប។










![]()
