ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ធ្វើយុទ្ធនាការផ្សព្វផ្សាយការទប់ស្កាត់ ការប្រើប្រាស់ពលកម្មកុមារ និងទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ដើម្បីបញ្រ្ជៀសការយល់ដឹងដល់ឪពុកម្តាយ ឬអាណាព្យាបាលកុមារ
(កំពង់ធំ)÷ លោក ញ៉ ហាក់ អនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានថ្លែងថា ការផ្សព្វផ្សាយអំពីការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងកសិ-ឧស្សាហកម្ម គឺជាវិធីសាស្ត្រមួយដ៏សំខាន់ក្នុងការអនុវត្តកិច្ចអន្តរាគមន៍ដោយផ្តោតលើវិធានការទប់ស្កាត់ ស្របតាមបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ដើម្បីជំរុញគ្រប់ភាគីពាក់ព័ន្ធនៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និង កសិ-ឧស្សាហកម្ម ក្នុងការលើកកម្ពស់សុវត្ថិភាពការងារសម្រាប់កម្មករ និយោជិតវ័យក្មេង និងបញ្ចៀស ឬបង្ការ ករណីពលកម្មកុមារ ឬទម្រង់ធ្ងន់ធ្ងរដទៃទៀតដែលអាចកើតឡើងជាយថាហេតុ។
កម្មវិធីផ្សព្វផ្សាយទប់ស្កាត់ប្រើប្រាស់កម្លាំងពលកម្មកុមារ ក៏មានការអញ្ជើញចូលរួមពីលោក ពេជ្រ បញ្ញា ប្រធានផ្នែកគោលនយោបាយ និងសហប្រតិបត្តិការ លោក លី គឹមឈន មន្ត្រីនាយកដ្ឋានការងារកុមារ លោកប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីរាជការមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងតំណាងការនគរបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំប្រធានមន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈខេត្ត ខេត្តកំពង់ធំ។
លោក ពេជ្រ បញ្ញា ប្រធានផ្នែកគោលនយោបាយ និងសហប្រតិបត្តិកា បានលើកឡើងពីបាតុភូតសង្គមដ៏ស្មុគស្មាញបំផុតមួយ ដែលមានទំនាក់ទំនងទៅនឹង ទិដ្ឋភាពសេដ្ឋកិច្ចសង្គមកម្ពុជា និងឥរិយាបទសហគមន៍។ កត្តាភាពក្រីក្រ និងការយល់ដឹង របស់សហគមន៍ដែលនៅមានកម្រិត គឺជាមូលហេតុចម្បងដែលនាំឱ្យមានពលកម្មកុមារ។ ជាក់ស្តែង កុមារមួយចំនួនត្រូវបានជួយធ្វើការងារផ្ទះ ដូចជា ការជួយការងាររបស់ឪពុក ម្តាយ ឬមុខរបររបស់ក្រុមគ្រួសារ ជាការងារស្រាលៗ និងមានសុវត្ថិភាព។ ប៉ុន្តែគ្រួសារមួយចំនួន កុមារត្រូវបានប្រើឱ្យធ្វើការងារធ្ងន់ៗ ឬការងារគ្រោះថ្នាក់ ព្រមទាំងមិនបានបញ្ជូនទៅសាលារៀន និងធ្វើកិច្ចការសាលា។ ការលុបបំបាត់ពលកម្មកុមារ គឺជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ ជីវភាពពលរដ្ឋ និងសិទ្ធិសេរីភាពនៃកម្មករ និយោជិតវ័យក្មេងស្របតាមយុទ្ធសាស្ត្របញ្ជាកោណ ដំណាក់កាលទី១ ដែលស្ថិតនៅក្នុងបញ្ចកោណទី៣ មុំទី៣ ជាពិសេស ឆ្លើយតបទៅ នឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨។
លោក ញ៉ ហាក់ បានលើកឡើងពីសារប្រយោជន៍ និងប្រសិទ្ធភាពនៃការផ្សព្វផ្សាយ៖ កម្រិតនៃការយល់ដឹង ការទទួលស្គាល់នៃខ្លឹមសារ ផ្សព្វផ្សាយ និងការប៉ាន់ប្រមាណ ការបញ្ជៀសការយល់ដឹងកំណត់វិធានការបន្តដើម្បីជំរុញការផ្សព្វផ្សាយនៅតាមសហគមន៍ និងការផ្ទេរនិរន្តរភាពការងារទៅថ្នាក់ក្រោមជាតិ។ វិនិច្ឆ័យអំពីដំណោះស្រាយចាំបាច់នានា ដូចជា សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យកុមារទទួលបានអាហាររូបករណ៍បន្តរហូតដល់ចប់ថ្នាក់ទី៩ និងជំរុញ វិធានការតាមដាន របស់មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ដើម្បីតម្រង់ទិសកុមារទៅកម្មវិធីបណ្តុះបណ្តាលជំនាញ។ លើកទឹកចិត្តឱ្យសមត្ថកិច្ចថ្នាក់ក្រោមជាតិបន្តតាមដាន និងផ្សព្វផ្សាយមិនឱ្យមាន ការប្រើប្រាស់ពលកម្មកុមារ និងជំរុញឱ្យកុមារបានរៀនសូត្រគ្រប់ៗគ្នា។ អត្ថបទលោ កធូ កែវមុន្នី រូបភាពដោយ ចន្ថា បុណ្យឬទ្ឋិ-ពិនិត្យដោយអ៊ុមញឹប។