ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា បានលើកឡើងថា ប្រព័ន្ធប្រឡាយខ្វាត់ខ្វែងថ្មីៗនឹងជួយរំដោះទឹកជំនន់ពីទីរួមស្រុកស្ទោ និងលើកកម្ពស់ជីវភាពពលរដ្ឋក្នុងមូលដ្ឋានមួយកម្រិតទៀត
(កំពង់ធំ)÷ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ បានលើកឡើងថា ប្រព័ន្ធប្រឡាយខ្វាត់ខ្វែងថ្មីៗនឹងជួយរំដោះទឹកជំនន់ពីទីរួមស្រុកស្ទោងនិងលើកកម្ពស់ជីវភាពពលរដ្ឋក្នុងមូលដ្ឋានមួយកម្រិតទៀត លោក ផាង វី ប្រធាននាយកដ្ឋាន ធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា បានលើកឡើងដូច្នេះក្នុងឱកាសដែលលោក និងសហការីព្រមទាំងលោក សាយ គឹម ឡម អភិបាលស្រុកស្ទោង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកប្រឡាយ ប្រព័ន្ធធារាសាស្ត្រថ្មីៗ និងចាក់ដីពង្រីកថ្នល់តាឈុំនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៦។
លោកបានសង្កត់ធ្ងន់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដល់សុខទុក្ខសុខុមាលភាពនិង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឯកឧត្តម និងក្រុមការងារបាន កសាងនូវសំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនជាពិសេស ផ្លូវ ប្រព័ន្ធប្រឡាយមេ បងសិល្បៈការ្យជាច្រើន និងប្រព័ន្ធប្រឡាយជើងក្អែបខ្វាត់ខ្វែងដូចការចុះមើលវឌ្ឍនភាពនៅក្នុងឱកាសនេះជាតឹកតាងស្រាប់។
ទន្ទឹមនឹងនេះ ប្រព័ន្ធប្រឡាយ ចែកចាយនិងរំដោះទឹកនេះនិងផ្លូវអមប្រឡាយដែលសាងសង់នៅក្នុងឱកាសនេះ គឺជាផ្លូវគមនាគមន៍ដ៏មមាញឹក និងសកម្មសម្រាប់ពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសជាផ្លូវថ្មីសម្រាប់សិស្សានុសិស្ស នៃវិទ្យាល័យរស្មីសោភ័ណ ក្នុងការធ្វើដំណើរទៅមកសាលារៀន បានងាយស្រួលនិងប្រសើរជាងមុនជាពិសេសកាត់បន្ថយចម្ងាយផ្លូវធ្វើដំណើរប្រចាំថ្ងៃថែមទៀតផង។
សូមបញ្ជាក់ថា ប្រព័ន្ធប្រឡាយរំដោះទឹករួមជាមួយនិងសំណង់សិល្បការ្យចំនួន៤កន្លែង លូរំដោះទឹកប្រវែង៨៦ម៉ែត្រ និងការចាក់ដីពង្រីកផ្លូវថ្នល់តាឈុំប្រវែង៣០០ម៉ែត្រ ទទឹង ៦ម៉ែត្រគឺជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដែលប្រព័ន្ធប្រឡាយប្រវែង ២,៥០០ម៉ត្រ សម្រេចបាន ៧0% និងការចាក់ពង្រីកផ្លូវ បាន៩0%ហើយ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។












![]()
