អភិបាលស្រុកស្ទោង សាទរជាមួយអាជ្ញាធរឃុំកំពង់ចិនត្បូង ដែលប្រើប្រាស់ថវិកាមូលនិធិឃុំ និងកសាងផែនការវិនិយោគអភិវឌ្ឍមូលដ្ឋានដោយឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ពលរដ្ឋក្នុងមូលដ្ឋាន
(កំពង់ធំ)÷ អភិបាលស្រុកស្ទោង សាទរជាមួយអាជ្ញាធរឃុំកំពង់ចិនត្បូង ដែលប្រើប្រាស់ថវិកាមូលនិធិឃុំ និងកសាងផែនការវិនិយោគអភិវឌ្ឍមូលដ្ឋានដោយឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ពលរដ្ឋក្នុងមូលដ្ឋាន លោក សាយ គឹមឡម បានលើកឡើងដូច្នេះដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីប្រការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ នៅក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៧ ខែសភាឆ្នាំ ២០២៦។
លោកបានសង្កត់ធ្ងន់ថា ដើម្បីប្រើប្រាស់ថវិកាមូលនិធិឃុំត្រូវគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ អាជ្ញាធរឃុំកំពង់ចិនត្បូង ត្រូវមានផែនការនិងចក្ខុវិស័យឱ្យបានច្បាស់លាស់ ជាពិសេសត្រូវមានទំនាក់ទំនងនិងកិច្ចសហការខ្ពស់ជាមួយក្រុមការងារចុះមូលដ្ឋានឃុំកំពង់ចិនត្បូង ក្នុងការកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍមូលដ្ឋានរួមគ្នាជាពិសេសកុំឱ្យមានការជាន់គ្នា។
ទន្ទឹមនឹងនេះ លោកបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋដែលនៅអមសងខាងផ្លូវ និងសាធារណៈជនត្រូវបន្ត និងចូលរួមថែរក្សាការពារធ្វើអនាម័យ សម្អាតបរិស្ថាន ជាពិសេសកុំរំលោភបំពានចំណីផ្លូវថែមទាំងថែរក្សាប្រព័ន្ធលូឱ្យបានល្អ ដើម្បីរំដោះទឹកបញ្ចៀសការកកស្ទះ និងកុំឱ្យមានការខូចខាតផ្លូវ។
ជាចុងបញ្ចប់លោក បានកោតសរសើរខ្ពស់ដល់ដំណើរការ និតិវិធីដេញថ្លៃនេះដែលបានប្រព្រឹត្តទៅដោយរលូន និងតម្លាភាពក្រោមក្រសែភ្នែកអ្នកសារព័ត៌មានជាច្រើនអង្គភាព ហើយបានណែនាំ ម្ចាស់ក្រុមហ៊ុន ជាអ្នកឈ្នះក្នុងកាដេញថ្លៃ និងទទួលការ ក្នុងការធ្វើផ្លូវនេះត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស កិច្ចសន្យា ដើម្បីធានាបាននូវសំណង់ ផ្លូវប្រកបដោយគុណភាព ទាន់ពេលវេលា និងប្រើប្រាស់បានយូរអង្វែង។
សូមបញ្ជាក់ថា ពិធីដេញថ្លៃនេះជាគម្រោងមូលនិធិឃុំឆ្នាំ២០២៦ ដែលសាងសង់ផ្លូវបេតុងអាមេសរសៃដែកប្រវែង៣៦០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងស្លាកសញ្ញាគម្រោង១កន្លែង ជាមួយនឹងតម្លៃប៉ាន់ស្មាន១៨៣,០៥០,១៤០រៀល០០ផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។













![]()
