លោកអភិបាលស្រុក ហាក់ ម៉ុងហួត បានអញ្ជើញក្នុងពិធីបិទព្រឹត្តិការណ៍បាល់ទាត់(ពានរង្វាន់មហាជនស្រុកតាំងគោក) ដើម្បីលើកទឹកចិត្តឱ្យយុវជនមូលដ្ឋានបន្តលើកស្ទួយវិស័យកីឡា
(កំពង់ធំ)៖ រដ្ឋបាលស្រុកតាំងគោក នៃខេត្តកំពង់ធំ បានរៀបចំឱ្យមានព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ (ពានរង្វាន់មហាជនស្រុកតាំងគោក) ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ភាតរភាពរវាងអតីតសិស្សវិទ្យាល័យ សិស្សវិទ្យាល័យ ក៏ដូចជាបណ្ដាយុវជនដែលជាមិត្តភក្តិនឹងគ្នា ពង្រឹងនិងបង្កើនបទពិសោធន៍ ពង្រីកការយល់ដឹងពីច្បាប់និងវិន័យនៃការប្រកួត ពិសេសគឺចូលរួមលើកស្ទួយវិស័យកីឡាផងដែរ។
ទីតាំងប្រកួតគឺនៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន តាំងគោក ខណៈពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់(ពានរង្វាន់មហាជនស្រុកតាំងគោក)នេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក។
លោក អៀង ប៊ុនហាន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកតាំងគោក បានឱ្យដឹងថា ក្រុមយុវកីឡាករដែលចូលរួមក្នុងការប្រកួតជំរុះវិលជុំ(ពានរង្វាន់មហាជនស្រុកតាំងគោក)នេះ សរុបមានចំនួន៨ក្រុម ដែលក្នុងនោះមានកីឡាករសរុប២៥០នាក់ ប្រតិភូដឹកនាំ-គ្រូបង្វឹក២៤នាក់ និងក្រុមអាជ្ញាកណ្ដាល១៥នាក់ ក្រុមទាំង៨នោះរួមមាន៖ ១-ក្រុមពង្ររួមមិត្ត ២-ក្រុមឃាតករចិត្តព្រាន ៣-ក្រុមតោរោមមាស ៤-ក្រុមអធិរាជសេះស
៥-ក្រុមតាខ្មៅ ៦-ក្រុមដំរីស្នេហ៍ច័ន្ទ ៧-ក្រុមហង្សភ្លើង
៨-ក្រុមខ្លាកំណាចតាំងគោក។
លោកប្រធាន អៀង ប៊ុនហាន បានបន្តថា ការប្រកួតបាល់ទាត់នេះដែរ មានរយៈពេល៦ខែ ចាប់ពីថ្ងៃ៧ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ភាគច្រើនគឺប្រកួតនៅថ្ងៃសៅរ៍-អាទិត្យដែលសម្រាកពីការសិក្សានិងការងារ ក៏ដូចជាថ្ងៃឈប់សម្រាកពេលបុណ្យទានជាដើម។ ក្រុមដែលទទួលបានពាននៅវគ្គផ្តាច់ព្រ័តគឺលេខ១ ក្រុមដំរីស្នេហ៍ច័ន្ទ លេខ២ ក្រុមហង្សភ្លើង និងលេខ៣ ក្រុមតោរោមមាស។
នាពិធីបិទព្រឹត្តិការណ៍ប្រកួតនោះ លោកអភិបាលស្រុក ហាក់ ម៉ុងហួត បានឱ្យដឹងពីការផ្ដួចផ្ដើមដំបូង និងការគាំទ្រចំពោះការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពនេះ។ លោកថ្លែងថា ក្រៅពីចូលរួមលើកស្ទួយវិស័យកីឡានៅមូលដ្ឋាន ព្រឹត្តិការណ៍នេះក៏ជាឱកាសជួបជុំរវាងអតីតសិស្សវិទ្យាល័យ សិស្សវិទ្យាល័យ ក៏ដូចជាបណ្ដាយុវជនដែលជាមិត្តភក្តិនឹងគ្នាមកពីគ្រប់មជ្ឈដ្ឋាន ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងភាតរភាព ពង្រឹងនិងបង្កើនបទពិសោធន៍ ពង្រីកការយល់ដឹងពីច្បាប់និងវិន័យនៃការលេងកីឡាបាល់ទាត់។
លោកអភិបាលស្រុកក៏បានអំពាវនាវលើកទឹកចិត្តដល់សិស្សានុសិស្ស-យុវជននៅស្រុកតាំងគោក ក៏ដូចជានៅស្រុកភូមិដទៃ សូមចូលរួមលេងនិងលើកស្ទួយវិស័យកីឡាឱ្យបានសកម្មផុសផុល តាមរយៈកម្មវិធីសិក្សាក្ដី ការធ្វើលំហាត់ប្រាណក្ដី ឬក៏ការជួបជុំចូលរួមលេងក្នុងទីលានក្ដី ដើម្បីចៀសឆ្ងាយពីគ្រឿងញៀន ឬអំពើអបាយមុខផ្សេងៗ។ ការលេងកីឡា តួយ៉ាងដូចជាកីឡាបាល់ទាត់នេះ គឺនាំមកនូវសុខភាពរាយកាយនិងបញ្ញា បង្កើនស្មារតីសហការជាក្រុម បង្កើនបទពិសោធន៍និងទំនាក់ទំនងល្អប្រកបដោយមិត្តភាព សាមគ្គីភាព ភាតរភាព (ភាពជាបងប្អូន)។ឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៦ខែ ដោយគិតចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃ១៦ខែឧសភា ឆ្នាំ២០២១ និងដោយឈរលើស្មារតី ចេះអធ្យាស្រ័យគ្នា មានសាមគ្គីភាព មិត្តភាព ហើយប្រកាន់បានយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ច្បាប់បញ្ញតិ្ត បទបញ្ជាបច្ចេកទេសផងនោះ បានធ្វើឱ្យការប្រកួតបញ្ចប់ទៅដោយភាពជោគជ័យគួរជាទីមោទនៈ។
លោក ហាក់ ម៉ុងហួត ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះគណៈកម្មការរៀបចំ ដែលបានខិតខំរៀបចំប្រកួតកីឡាបាល់ទាត់ «ពានរង្វាន់មហាជនស្រុកតាំងគោក» នេះឡើង រហូតទាល់បិទបញ្ចប់វគ្គផ្តាច់ព្រ័តនេះលើទឹកដីស្រុកតាំងគោក ខណៈកន្លងទៅក៏មានការប្រកួតកម្រិតថ្នាក់ស្រុកជាច្រើនលើកមកហើយដែរ។
សូមជម្រាបថា ការរៀបចំឱ្យមានការប្រកួតនេះ គឺស្របទៅនឹងការជំរុញរបស់រាជរដ្ឋាភិបាល ជាក់ស្ដែង កាលពីអំឡុងព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះលើកទី១ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋម្នាក់ៗចូលរួមលេងកីឡា បង្កើតព្រឹត្តិការណ៍ប្រកួតកីឡាឱ្យបានច្រើន ដើម្បីលើកស្ទួយវិស័យកីឡាជាតិ។ អត្ថបទរដ្ឋបាលស្រុកតាំងគោក-ពិនិត្យដោយអ៊ុមញឹប។