ប្រជានេសាទដែលមានជីវភាពលំបាកខ្វះខាតចំនួន១០០គ្រួសារ នៅតំបន់បឹងទន្លេសាប ឃុំផាត់សណ្តាយ ទទួលបានអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ អមដំណើរដោយលោកជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកអំណោយមនុស្សធម៌ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជានេសាទ ដែលមានជីវភាពលំបាកខ្វះខាត ចំនួន១០០ គ្រួសារ ដែលកំពុងរស់នៅក្នុងតំបន់បឹងទន្លេសាប ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បាទជម្រាបជូនប្រជានេសាទ អំពីច្បាប់ស្ដីពីជលផល និងសេចក្តីណែនាំថ្មី របស់ប្រមុខរាជរដ្ឋាភិបាល ស្ដីពីការអនុញ្ញាតឲ្យមានការសម្របសម្រួលការប្រើប្រាស់រកបានសាច់អួន ដែលមានប្រវែងវែងជាងមុន តែត្រូវអនុវត្តតាមទំហំក្រឡា និងទីតាំងគម្លាតដែលបានកំកំណត់ ឲ្យបានច្បាស់លាស់ ត្រឹមត្រូវ ហើយមិនអនុញ្ញាតដាច់ខាត ក្នងការប្រើប្រាស់ឧបករណ៍នេសាទគ្រប់ប្រភេទ និងនេសាទនៅក្នុងតំបន់ឡូត៍អភិរក្សពូជត្រី និងតំបន់ហាមឃាត់ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះកងកម្លាំងចម្រុះ ដែលរួមសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញ រួមជាមួយប្រជានេសាទមួយចំនួន ដែលអនុវត្តបានល្អតាមច្បាប់ជលផល និងការណែនាំរបស់ស្ថាប័នជំនាញក្នុងការប្រកបមុខរបរនេសាទ ។ ជាមួយនោះដែរ កងកម្លាំងចម្រុះទាំងអស់ បានរួមសហការគ្នាក្នុងការការពារទប់ស្ចាត់និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ទទួលបានលទ្ធផលប្រសើរ ដើម្បីរក្សាធនធានមច្ឆជាតិរបស់យើង ទុកសម្រាប់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងកូនចៅយើងនៅជំនាន់ក្រោយៗទៀត ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តា កុំប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ ដែលនាំឲ្យមានទោសដល់ខ្លួន និងបង្កផលលំបាកដល់ក្រុមគ្រួសារ នីមួយៗ និងសហគមន៍យើង ។ ដូច្នេះសំណូមពរសុំឱ្យយើងទាំងអស់គ្នា ត្រូវចូលរួមអនុវត្តតាមច្បាប់ និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកតែងតែគិតគូរដោះស្រាយចំពោះប្រជាពលរដ្ឋទូទៅ នៅគ្រប់ទិសទី ដើម្បីសង្គមជាតិយើងទាំងមូល ។
នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាសាទ ដែលមានជីវភាពលំបាកខ្វះខាតទាំងចំនួន ១០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ ២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។