ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិខ្យល់កន្ត្រាក់របើកដំបូល៣គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទសំបូរ
(កំពង់ធំ)÷ លោក ឃីម សុខឃាង អភិបាលស្រុក និងប្រធានគណៈកម្មាធិកានរអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទសំបូរ និងសហការី រួមនិងក្រុមប្រឹក្សាឃុំតាំងក្រសៅ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រគល់ជូនគ្រួសារចំនួន៣គ្រួសាររួមមាន÷ថវិកា អង្ករ សម្ភារៈ ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់របើកដំបូលស្ថិតនៅភូមិគោកស្រុក ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។
លោក ឃីម សុខឃាង បានបញ្ជាក់ថាឈ្មោះដែលរងគ្រោះដោយខ្យល់កន្ត្រាក់របើកដំបូលមានដូចខាងក្រោម៖ ១.ឈ្មោះ អ៊ុំ ផ្លិច និងប្រពន្ធឈ្មោះ ម៉ាន់ រ៉េន មានសមាជិកគ្រួសារចំនួន៥នាក់។ ២.ឈ្មោះ បេង ប៊ូ និងប្រពន្ធឈ្មោះ អាត់ គាន់ មានសមាជិកគ្រួសារចំនួន០៤នាក់។ ៣.ឈ្មោះ លក គីន និងប្រពន្ធឈ្មោះ សិត សៅ មានសមាជិកគ្រួសារចំនួន០៦នាក់ករណីនេះកើតឡើងនៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ មិនបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកប្រធានអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយឯកឧត្តម នួន ផារ័ត្ន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលជានិច្ចកាលសម្ដេចនិងឯកឧត្តមតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលាដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក”ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ លោកប្រធានអនុសាខា មានមតិផ្តាំផ្ញើសូមឱ្យបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នអំពីប៉ាតុភូតធម្មជាតិដូចជាខ្យល់កន្រ្តាក់ រន្ទះបាញ់ សូមឱ្យបងប្អូនពេលសាងសង់លំនៅដ្ឋាន សូមឱ្យគិតគូរពីភាពធន់ និងការប្រែប្រួលអាកាសធាតុ។
សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទសំបូរដែលផ្ដល់ជូនដល់គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់៣គ្រួសារ ក្នុង១គ្រួសារទទួលបាន÷ អង្គរ៥០គីឡូក្រាមទឹកត្រី០១យួរទឹកស៊ីអ៊ីវ០១យួរ ត្រីខ០១យួរ សារុង០១ និងថវិកា ១៥០,០០០រៀលផងដែរ។ អត្ថបទរដ្ឋបាលស្រុកប្រាសាទសំបូរ-ពិនិត្យដោយអ៊ុមញឹប។