បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយ និងដំណើរការអនុវត្តសេចក្តីណែនាំលេខ ០០៣/២០២៦ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ស្ដីពីការត្រួតពិនិត្យ ស្វ័យត្រួតពិនិត្យចំនួនទ័ព ចំនួនកូន និងនីតិវិធីដាក់យោធិនឲ្យចូលសោធននិវត្តន៍ឆ្នាំ ២០២៦
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំពិធីផ្សព្វផ្សាយ និងដំណើរការអនុវត្តសេចក្តីណែនាំលេខ ០០៣/២០២៦ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ស្ដីពីការត្រួតពិនិត្យ ស្វ័យត្រួតពិនិត្យចំនួនទ័ព ចំនួនកូន និងនីតិវិធីនៃការដាក់យោធិនឲ្យចូលសោធននិវត្តន៍ប្រចាំឆ្នាំ ២០២៦ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងឧត្តមសេនីយ៍ត្រី ប្រាក់ កុសល នាយសេនាធិការរង យោធភូមិភាគ ប្រធានក្រុមការងារត្រួតពិនិត្យ របស់យោធភូមិភាគទី៤ ។
លោកវរសេនីយ៍ទោ ស៊ុន សាម៉ុន នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចកីណែនាំលេខ ០០៣/២០២៦ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ស្ដីពីការត្រួតពិនិត្យ ស្វ័យត្រួតពិនិត្យចំនួនទ័ព ចំនួនកូន និងការដាក់យោធិនឲ្យចូលសោធននិវត្តន៍ ប្រចាំឆ្នាំ ២០២៦ និងបានរាយការណ៍អំពីការប្រុងប្រៀបជាក់ស្ដែង ក្នុងដំណើរការអនុវត្ត តាមសេចកីណែនាំលេខ ០០៣/២០២៦ ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់យោធិនទាំងអស់ ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ហើយត្រូវហ៊ានលះបង់ ក្នុងការអនុវត្តវិធានការស្វ័យត្រួតពិនិត្យចំនួនទ័ព ចំនួនកូន ឱ្យបានត្រឹមត្រូវ ដើម្បីផលប្រយោជន៍ជាតិ និងសង្គមជាតិយើងទាំងមូល ពិសេសរក្សាកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទនៃយើង ។ ជាមួយនោះដែរ យោធិនម្នាក់ៗ ត្រូវតែមានឯកសារគ្រប់គ្រាន់ និងអនុវត្តឲ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់ក្រុមការងារត្រួតពិនិត្យរបស់ថ្នាក់លើ ។ នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ជូនយោធិន ដែលកំពុងបំពេញបេសកកម្មការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ គឺនៅក្រោយការត្រួតពិនិត្យរួច ត្រូវវិលត្រឡប់ទៅវិញជាបន្ទាន់ទៅកាន់គោលដៅរបស់ខ្លួន ដើម្បីបំពេញភារកិច្ច ដែលបានប្រគល់ជូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
ឧត្តមសេនីយ៍ត្រី ប្រាក់ កុសល ប្រធានក្រុមការងារត្រួតពិនិត្យ ស្វ័យត្រួតពិនិត្យចំនួនទ័ព ចំនួនកូន របស់យោធភូមិភាគទី៤ បានឡើងបញ្ជាក់ថា៖ យោធិនគ្រប់រូបត្រូវតែបង្ហាញភាពស្មោះត្រង់ នឹងត្រូវមានឯកសារគ្រប់គ្រាន់ ដើម្បីបង្ហាញជូនក្រុមការងារត្រួតពិនិត្យ ដើម្បីអនុវត្តតាមនីតិវិធីឲ្យបានត្រឹមត្រូវ ។ ជាមួយនេះដែរ ក៏បានសំណូមពរដល់យោធិនទាំងអស់ ត្រូវមានមុខក្នុងការបំពេញភារកិច្ច តាមអង្គភាព និងស្ថាប័ននីមួយៗ ឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈ និងបទវិន័យទូទៅរបស់កងយោពលខេមរភូមិន្ទ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុម ញឹប។










![]()
