លោក អ៊ុន បុត្ត អញ្ជើញក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ឆាំ ថន អភិបាលរងស្រុកប្រសាទសំបូរ ទៅកាន់មុខតំណែងអភិបាលរងស្រុកសណ្តាន់ ខេត្តកំពង់ធំ
(កំពង់ធំ)÷ លោក អ៊ុន បុត្ត អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អមដំណើរដោយលោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្តាន់ និងមន្រ្តីសាលាស្រុក បានអញ្ជើញក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ឆាំ ថន អភិបាលរងស្រុកប្រសាទសំបូរ ទៅកាន់មុខតំណែងអភិបាលរងស្រុកសណ្តាន់ ខេត្តកំពង់ធំ
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅអគាររដ្ឋបាលស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ឆ្លៀតក្នុងឱកាសនេះលោក អ៊ុន បុត្ត បានលើកឡើងថាការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ព្រមជាមួយគ្នានេះ ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណគឺផ្តោតលើការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយ ទៅជារដ្ឋបាលសាធារណៈ ទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីធានានិរន្តភាព តួនាទី ដំណើរការរដ្ឋបាលសាធារណៈដោយតម្កល់ផលប្រយោជន៍ប្រជាជនជាធំ ព្រមជាមួយនឹងការ កសាងជាតិ និងការពង្រឹងនីតិរដ្ឋសំដៅដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព។
លោកអភិបាលរងខេត្តកំពង់ធំ បានបន្ថែមទៀតថា រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវសហការចូលរួមអនុវត្តប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ក្នុងក្របខណ្ឌសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ជាពិសេស រដ្ឋបាលស្រុកត្រូវពង្រឹងការដឹកនាំ ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារ និងប្រើប្រាស់ ធនធាននានាដែលបានឆ្នេរ ជាពិសេសមុខងារអប់រំនៅថ្នាក់ក្រុង/ស្រុក និងមុខងារផ្តល់សេវារដ្ឋបាល ដើម្បីធានាផ្តល់សេវាទាំងនោះជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងបរិយាបន្ន។ ជាមួយគ្នានេះ ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពស្អាតស្អំរបស់មន្ត្រីក្នុងការផ្តល់សេវា ដោយត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការដាក់ទណ្ឌកម្ម ចំពោះមន្ត្រីណាដែលប្រព្រឹត្ត បំពានក្រមសីលធម៌ វិជ្ជាជីវៈ និងរំលោភអំណាចក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោក ឆាំ ថន បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការ អនុវត្តតួនាទី/ភារកិច្ចក្នុងនាមជាអភិបាលរង នៅចំពោះមុខប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងរាជរដ្ឋាភិបាលទាំងមូលប្រកបដោយស្មារតីទទួលខុសត្រូវសាមគ្គីភាពផ្ទៃក្នុងជួយឱ្យអង្គភាពមានការរីកចម្រើនជាលំដាប់មានដូចជា÷ ១ខិតខំរក្សាសាមគ្គីភាពល្អដែលសម្ដែងចេញពីភាពស្មោះត្រង់ យោគយល់គ្នាទៅវិញទៅមក និងមានភាពយុត្តិធម៌។ ២.ទទួលនូវគោលការណ៍ផែនការការងារពីថ្នាក់ដឹកនាំ ដើម្បីអនុអនុវត្តឱ្យបានសម្រេច ឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផល ។ ៣.អនុវត្តឱ្យបានល្អនូវការគោរពច្បាប់លក្ខន្តិកៈ មន្ត្រីរាជការដែលជ្រកនៅក្រោមឆ័ត្រនៃច្បាប់រាប់ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ៤.ចូលរួមអនុវត្តឱ្យល្អ បានតាមតួនាទី/ភារកិច្ច និងទទួលនូវតម្រូវការព្រមទាំងសំណូមពរពីប្រជាពលរដ្ឋ តាមសមត្ថភាពសមស្របតាមច្បាប់និងទាន់ពេលវេលា។ ៥.ខិតខំចូលរួមបំពេញការងារស្នូលរបស់រដ្ឋបាលស្រុកសណ្ដាន់ ឱ្យបានល្អនិងដឹកនាំប្រជាពលរដ្ឋបានចូលរួម និងគាំទ្រទៅលើភាពរីកចម្រើនរបស់ស្រុក។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។