គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ធំ បើកកិច្ចប្រជុំប្រចាំខែមេសា ដើម្បីពង្រឹងយន្តការការងារ
(កំពង់ធំ)៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ធំ (គ.ក.ស.ក) បានរៀបចំកិច្ចប្រជុំប្រចាំខែមេសា នៅសាលប្រជុំសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាពលោកជំទាវ ស៊ឹម សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការចូលរួមពីសមាជិក គ.ក.ស.ក ខេត្ត ប្រធាន គ.ក.ស.ក ក្រុង-ស្រុក តំណាងការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធ និងអង្គការដៃគូផងដែរ។
គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺពិនិត្យ និងវាយតម្លៃលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៦ ព្រមទាំងកំណត់ទិសដៅការងារសម្រាប់ខែបន្ទាប់។ អង្គប្រជុំបានពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន៖
១. ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំខែមីនា
២. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែមេសា
៣. បញ្ហាផ្សេងៗ
ក្នុងឱកាសនេះ លោកជំទាវ ស៊ឹម សុវណ្ណារិទ្ធិ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់សមាជិក និងដៃគូទាំងអស់ ដែលបានរួមចំណែកលើកកម្ពស់សុខុមាលភាព និងការពារសិទ្ធិស្ត្រី និងកុមារ។ ជាមួយគ្នានេះ អង្គប្រជុំក៏បានពិភាក្សាលើផែនការសកម្មភាពសម្រាប់អនុវត្តនៅខែបន្ទាប់ ដើម្បីធានាថា បញ្ហាប្រឈមនានារបស់ស្ត្រី និងកុមារ នៅតាមមូលដ្ឋានក្រុង-ស្រុក ត្រូវបានដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
លោកជំទាវប្រធានក៏បានកោតសរសើរចំពោះស្មារតីទទួលខុសត្រូវរបស់សមាជិក សមាជិកា និងបានជំរុញឱ្យបន្តពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាស្ត្រី និងកុមារនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។ អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ-ពិនិត្យអ៊ុមញឹប។












![]()
