បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បេីកចែកអាវភ្លៀង អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនយោធិនក្រោមឱវាទ
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការបើកចែកអាវភ្លៀង អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គភស្តុភារជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធជាតិកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់យោធិនចំណុះអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមជាអគ្គភស្តុភារជាន់ខ្ពស់ នៃកងកម្លាំងប្រដាប់អាវុធជាតិកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចកាលសម្ដេច និងលោកជំទាវ បានយកចិត្តទុកដាក់គ្រប់បែបយ៉ាងដល់ជីវភាពរស់នៅរបស់កងយោធពលខេមរភូមិន្ទ ជាក់ស្តែងពេលរដូវភ្លៀង សម្ដេចលោកបានផ្តល់អាវភ្លៀង ពេលរដូវរងា សម្ដេចលោកបានផ្តល់អាវរងាជូនយោធិនគ្រប់រូបសម្រាប់ប្រើប្រាស់ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗមួយចំនួន ស្ដីពីស្ថានភាពសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលកំពុងមានការតានតឹង រវាងអ៉ីស្រាអែល សហរដ្ឋអាមេរិក និងប្រទេសអ៉ីរ៉ង់ និងការពាក់ព័ន្ធបញ្ហាការឆ្លងកាត់ និងការបិទខ្ទប់ច្រកសមុទ្រ ហ័ម៉ូស ដែលមានការពាក់ព័ន្ធដល់វិបត្តិនៃការប្រើប្រាស់ប្រេងឥន្ធនៈ នៅលើពិភពលោក និងនៅអាស៊ីអាគ្នេយ៍យើង ។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់អំពីសភាពការណ៍ថ្មីៗ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ដែលនៅពេលថ្មីៗនេះ ពួកចោរសៀមឈ្លានពាន បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅបណ្ដាតំបន់មួយចំនួន ដែលពួកវាឈ្លានពានកាន់កាប់ដោយខុសច្បាប់ មកលើដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងទៅ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ច និងផែនការមួយចំនួន ជូនដល់ថ្នាក់ដឹកនាំ និងយោធិនគ្រប់រូប ត្រូវយកចិត្តទុកដាក់៖ ទីមួយ ត្រៀមខ្លួនជានិច្ច អនុវត្តតាមបទបញ្ជាក្នុងភារកិច្ចការពារបូរណភាពទឹកដី ។ ទីពីរ ត្រូវចូលរួមយ៉ាងសកម្ម ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព ។ នឹងទីបី ត្រូវគ្រប់គ្រងកងកម្លាំង គ្រឿងបំពាក់ មធ្យោបាយគ្រប់គ្រាន់ និងការពង្រឹងវិន័យយោធិន ស្របតាមលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ គឺត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ។ ត្រូវគោរពយ៉ាងម៉ឺងម៉ាត់ តាមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តដាច់ខាត គោរពប្រតិបត្តិយ៉ាងមុឺងម៉ាត់ និងអនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឲ្យមានប្រសិទ្ធភាព និងឲ្យទទួលបានជោគជ័យតាមភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន ។អត្ថបទតំបន់ប្រតិបត្តិការសឹករង-ពិនិត្យដោយអ៊ុមញឹប។










![]()
