លោក ឃីម សុខឃាង ស្នើអាជ្ញាធរភូមិ ត្រូវក្ដាប់សភាពការណ៍សន្ដិសុខក្នុងមូលដ្ឋានឱ្យបាន ដើម្បីឆ្លើយទាន់ពេលវេលា
(កំពង់ធំ)÷ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៦ លោក ឃីម សុខឃាង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេចំនួន ២ខ្សែ ស្ថិតក្នុងភូមិតាំងស្ទោង និងភូមិថ្មី ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការសាលាស្រុក កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរឃុំ-ភូមិ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ២៥០នាក់។
ក្រៅពីការសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដើម្បីអបអរសាទរចំពោះសមិទ្ធផលផ្លូវថ្មី លោក ឃីម សុខឃាង ក៏បានផ្ដាំផ្ញើ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខភូមិ-ឃុំមានសុវត្ថិភាព។ ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលានូវរាល់ការរាតត្បាតរបស់ជនខិលខូច អាជ្ញាធរភូមិត្រូវអនុវត្តវិធានការដូចខាងក្រោម៖ ១- ត្រូវណែនាំដល់កម្លាំងប្រជាការពារភូមិឱ្យតាមដានរាល់សកម្មភាពរបស់ជនប្លែកមុខដែលចូលមកក្នុងមូលដ្ឋាន។ ២- ដាស់តឿនថា ជនខិលខូចមួយចំនួនបានបន្លំខ្លួនក្រោមរូបភាពជា អ្នកលក់ដូរ ឬអ្នកដើរទិញសម្ភារៈចាស់ៗ ដែលសកម្មភាពនេះមិនត្រឹមតែបង្កហានិភ័យសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នករកស៊ីទទួលទានដោយសុច្ចរិតពិតប្រាកដទៀតផង។ ៣-អាជ្ញាធរត្រូវក្ដាប់ព័ត៌មានឱ្យបានច្បាស់ដើម្បីមានវិធានការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា ធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកអភិបាលស្រុកប្រាសាទសំបូរបានបន្ថែមទៀតថា៖ “សន្តិសុខភូមិ-ឃុំ គឺជាកត្តាចម្បងដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតដោយភាពកក់ក្ដៅ។ ដូច្នេះ អាជ្ញាធរត្រូវតែរហ័សរហួន និងមានការប្រុងប្រយ័ត្នខ្ពស់បំផុត”។
គួរបញ្ជាក់ដែរថា៖ ផ្លូវបេតុងអាមេដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ គឺជាសមិទ្ធផលថ្មីស្រឡាងសម្រាប់បម្រើផលប្រយោជន៍សាធារណៈ៖ មានចំនួន០២ខ្សែ ប្រវែងសរុប៧៥៧ម៉ែត្រ ទទឹង៦ ម៉ែត្រ និងកម្រាស់០,១៥ ម៉ែត្រ ដែលប្រើប្រាស់កញ្ចប់ថវិកាមូលនិធិឃុំ ឆ្នាំ២០២៥។ អត្ថបទ រដ្ឋបាលស្រុកប្រាសាទសំបូរ.ពិនិត្យដោយអ៊ុមញឹប។









![]()
