ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងភរិយា អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី ដេីម្បីដំណេីរការសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានា នៅក្នុងវត្តបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ នួន វិធាវី បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី ដេីម្បីសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សាមួយខ្នង ដែលមានកម្ពស់ពីរជាន់ និងមានបន្ទប់សិក្សាចំនួន ៦ បន្ទប់ និងសមិទ្ធផលនានាមួយចំនួនទៀត នៅក្នុងបរិវេណវត្តបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទចំណុះជេីងវត្តយ៉ាងច្រើនកុះករផងដែរ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា៖ កន្លងទៅនេះ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទោទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ បានចូលរួមចំណែកជាថវិកា និងសុីម៉ងត៍មួយចំនួន ចូលរួមចំណែកជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជេីងវត្ត ក្នុងការកសាងអគារពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានាមួយចំនួននៅក្នុងទីអារ៉ាមនេះ ដេីម្បីចូលរួមក្នុងការអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយដែលមានប្រជាពលរដ្ឋ ជាង៩០% នៅទូទាំងប្រទេស គោរពបូជា ។ បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វិស័យព្រះពុទ្ធសាសនា ក៍មានការអភិវឌ្ឍន៍រីកចម្រើន ដូចវិស័យអាណាចក្រដែរ ដែលនៅទូទាំងប្រទេសមានវត្តអារាម ជាង ៥,០០០ វត្ត និងមានព្រះសង្ឃ ជាង ៧០,០០០ អង្គ ដែលកំពុងគង់នៅ ជាទីគោរពសក្ការៈរបស់ប្រជាជនកម្ពុជា ។
នៅក្នុងឱកាសចូលរួមក្នុងពិធីក្រុងពាលី សម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានានៅទីអារាមក្នុងវត្តបាគងនៅពេលនេះ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង លោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទោទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ បានចូលរួមបច្ច័យមួយចំនួនបន្ថែមទៀត សម្រាប់រៀបចំក្នុងពិធីសម្ពោធ និងសម្រាប់បន្តកសាងសមិទ្ធផលនានា នៅក្នុងទីអារាមនេះផងដែរ ។
ព្រះតេជគុណ ព្រះភិក្ខុឥន្ទ្រិយរក្ខិតោ ណន សុខា ព្រះគ្រូចៅអធិការវត្ត និងលោកអាចារ្យ គណៈកម្មការវត្តបាគង ឃុំត្បែង បានថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរង ននិងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភគាំទ្រដល់ទីអារាមវត្តបាគងនេះ ពិសេសក្នុងពេលដែលព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលកំពុងគង់ និងអាស្រ័យនៅក្នុងវត្តនេះ ជួបការលំបាកខ្វះខាតចង្ហាន់ប្រចាំថ្ងៃ និងខ្វះបរិក្ខារពេទ្យ សម្រាប់ការពារកូវីដ-១៩ ដែលពេលនោះ ទីអារាមនេះ ត្រូវបានបិទខ្ទប់ មិនឲ្យមានអ្នកចេញចូលក្នុងវត្តព្រោះមានអ្នកឆ្លងជំងឺកូវីដ១៩ តែត្រូវបានឧត្ដមសេនីយ៍ទោ សោម ស៊ុន និងសហការី ហ៊ានលះបង់អាយុជីវិត ដេីម្បីជួយដោះស្រាយការលំបាករបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលកំពុងគង់ និងស្នាក់អាស្រ័យនៅក្នុងវត្តនេះ ។ ដែលនេះ ជាការលះបង់ដ៏ធំធេង ដែលព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត មិនអាចបំភ្លេចបានឡើយ និងសូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រៃ សូមជួយបីបាច់ថែរក្សា ដល់ថ្នាក់ដឹកនាំ រួមជាមួយយោធិនគ្រប់រូប នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ។អត្ថបទតំបន់ប្រតិបត្តិក 90 រងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។










![]()
