ឯកឧត្តម អ៊ុន ប៊ុត្ត អញ្ជើញកាត់ខ្សែប៊ូ សម្ពោធឆ្លងក្លោងទ្វារ និងសមិទ្ធផលផ្សេងៗ នៅក្នុងវត្តសេរីឧត្តម ឃុំមានជ័យ
កំពង់ធំ ÷ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម អ៊ុន ប៊ុត្ត អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែប៊ូ សម្ពោធឆ្លងក្លោងទ្វារ និងសមិទ្ធផលផ្សេងៗ នៅក្នុងវត្តសេរីឧត្តម ស្ថិតនៅក្នុងភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ រដ្ឋបាលស្រុកសណ្ដាន់ សប្បុរសជន អាជ្ញាធរភូមិ-ឃុំ នឹងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករមានប្រមាណជាង ៤០០នាក់។
លោក ស៊ូ ធឿន ជាមេឃុំមានជ័យ បានបង្ហាញថា សមិទ្ធផលដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ រួមមាន ខ្លោងទ្វារទំហំ ៩ ម៉ែត្រ កម្ពស់ ១១ម៉ែត្រ. របងចំនួន ៦ ផ្ទាំងស្មើនឹង ១៨ ម៉ែត្រ. នឹងផ្លូវបេតុងប្រវែង ៤២ម៉ែត្រ. ថវិកាកសាង សរុបចំណាយអស់ចំនួន ១០០លានរៀល. ដែលថវិកាគឺកើតចេញពីសទ្ធាជ្រះថ្លារបស់ លោកអនុសេនីយ៍ឯក ឡេង ថៃ ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមានជ័យ និងលោកស្រី ប៉េង ប៉ូគីន រួមជាមួយនឹងពុទ្ធបរិស័ទជិតឆ្ងាយ។
នៅក្នុងឱកាស ដ៏រីករាយនេះផងដែរ ឯកឧត្តម អ៊ុន ប៊ុត្ត បានមានប្រសាសន៍ថា ការកសាងនូវសមិទ្ធផលថ្មីៗនៅក្នុងទីវត្តអារាម គឺឆ្លុះបញ្ចាំង បង្ហាញអំពីការរួបរួមសាមគ្គីខ្មែរជាធ្លុងមួយ តាមរយៈកម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ។ ការរីកចម្រើននិងរុងរឿង ផ្នែព្រះពុទ្ធសាសនា ចាំបាច់ណាស់ត្រូវតែមានការគាំទ្រ ការឧបត្ថម្ភ ការទ្រទ្រង់ដល់ព្រះសង្ឃ នឹងការចូលរួមកសាង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ទាំងទីជិតនិងទីឆ្ងាយ ដែលមិនអាចខ្វះបាន។
ឯកឧត្តម អភិបាលរងខេត្ត បានបន្តថា នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ នៅតាមទីវត្តអារាមនានា នៅក្នុងប្រទេសកម្ពុជា គួរតែរៀបចំ កម្មវិធីលេងល្បែងប្រជាប្រិយ ដូចជា ទាញព្រ័ត្រ បោះអង្គុញ លាក់កន្សែង ដណ្ដើមស្លឹកឈើ វាយក្អម ចោលឈូង ចាប់កូនខ្លែង លោតបាវ និងល្បែងប្រជាប្រិយខ្មែរជាច្រើនទៀត។ ហើយត្រូវជៀសវាងនាំគ្នាលេងល្បែង ដែលមិនមែនជាប្រពៃណីខ្មែរដូចជា ប៉ាតម្សៅ បាញ់ទឹកឬគប់ទឹកថង់ដាក់គ្នា និងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងទីវត្តអារាម. ដូច្នេះ ក្នុងនាមបងប្អូនជា ប្រជាពលរដ្ឋខ្មែរ ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត គួរតែគិតគូរអំពីការ បង្កើតនិងរក្សាការលេងល្បែងប្រជាប្រិយ ឲ្យបានត្រឹមត្រូវទៅតាមទំនៀមទម្លាប់របស់ដូនតាយើងដែលបានបន្សល់ទុក កុំឱ្យបាត់បង់។
ឯកឧត្តម ក៏បានបន្តទៀតថា ចំពោះបញ្ហាព្រំដែន សូមឱ្យបងប្អូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាយើង ត្រូវតែជឿជាក់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដោយមិនត្រូវ នាំគ្នាឆាប់ជឿទៅលើ ព័ត៌មានមិនពិត ដែលបានឃើញនៅលើបណ្ដាញសង្គម។ ពីព្រោះនេះគឺជាសង្គ្រាមផ្លូវចិត្តរបស់ថៃដែលតែងតែធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរមានការព្រួយបារម្ភ។ មានតែខ្មែរយើងខ្លាំង ខ្មែររួបរួមសាមគ្គីទើបខ្មែរឈ្នះ។ ហើយយើងត្រូវតែ មានស្មារតីជាតិនិយម ដោយចូលរួមនាំគ្នាពហិកាមិនបន្តប្រើប្រាស់ផលិតផលរបស់ប្រទេសថៃជាដាច់ខាត។
ជាចុងក្រោយ ឯកឧត្តម បានសង្កត់ធ្ងន់ថា ដើម្បីឲ្យសេដ្ឋកិច្ចរបស់ខ្មែរយើងរឹងមាំ ហើយខ្មែរយើងខ្លាំង សូមបងប្អូន ជាឪពុកម្ដាយត្រូវតែខិតខំរកស៊ីចិញ្ចឹមជីវិត ដោយខិតខំ ធ្វើស្រែចម្ការ បង្កើតមុខរបរផ្សេងៗនៅតាមតំបន់ ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ ហើយប្អូនៗដែលជាទំពាំងស្នងឬស្សី ត្រូវតែខិតខំរៀនសូត្រ ស្វែងយល់ពីបច្ចេកវិទ្យាទំនើប ពីព្រោះថាមានតែចំណេះវិជ្ជាទេ ទើបធ្វើឲ្យខ្មែរយើងខ្លាំង អាចការពារទឹកដីបាន និងរួចចាកផុតពីការប្រម៉ាតមើលងាយពីប្រទេសជិតខាង។ អត្ថបទ លន សុភា




















![]()
