ខេត្តកំពង់ធំរៀបចំការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២៥-២០២៦
(កំពង់ធំ)៖លោក លី វេត អភិបាលរងខេត្ត បានបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំខេត្តកំពង់ធំ លើប្រភេទកីឡាបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្មឆ្នាំ២០២៥-២០២៦ រសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅវិទ្យាល័យកំពង់ធំ។
លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំបានធ្វើរបាយការណ៍សង្ខេប កីឡាករ កីឡាការិនី មធ្យមសិក្សាលើប្រភេទកីឡាដែលត្រូវប្រកួតរួមមាន៖
១-កីឡាបាល់ទាត់៖ – បុរសចំនួនៈ ៨ក្រុម កីឡាករសរុបចំនួនៈ ១៤៤នាក់
– នារី ចំនួនៈ ៦ក្រុម កីឡាការិនីសរុបចំនួនៈ ១០៨នាក់
២-កីឡាបាល់ទះ៖ – បុរសចំនួនៈ ៧ក្រុម កីឡាករសរុបចំនួនៈ ៨៤នាក់
– នារី ចំនួនៈ ៧ក្រុម កីឡាការិនីសរុបចំនួនៈ ៨៤នាក់
៣-កីឡាបាល់បោះ៖ – បុរសចំនួនៈ៤ក្រុម កីឡាករសរុបចំនួនៈ ៤៨នាក់
– នារី ចំនួនៈ ៣ក្រុម កីឡាការិនីសរុបចំនួនៈ ៣៦នាក់
៤-កីឡាប៉េតង់ ៖ – បុរសចំនួនៈ ៧ក្រុម កីឡាករសរុបចំនួនៈ ២៨នាក់
– នារី ចំនួនៈ ៥ក្រុម កីឡាការិនីសរុបចំនួនៈ ២០នាក់
៥-កីឡាអត្តពលកម្ម៖ – មាន៦វិញ្ញាសា៖( រត់ល្បឿន១០០m លោតកម្ពស់ លោកតចម្ងាយ ចោលដុំដែក រត់ចម្ងាយ៣០០០m និងដើរ៥០០០m បុរសនារី ) កីឡាករសរុបចំនួនៈ៥៤នាក់ និងកីឡាការិនីសរុបចំនួនៈ ៥៤នាក់ ។
សរុបៈ ៦៦០នាក់ នារីៈ ៣០២នាក់
លោក លី វេត បានឱ្យដឹងថា កីឡាករ កីឡាការិនី គឺជាទំពាំងស្នងឫស្សីក្នុងការអភិវឌ្ឍជាតិនាថ្ងៃអនាគតដែលមិនអាចខ្វះបានហើយ ការប្រកួតកីឡាជ្រើសរើសជើងឯកនៅក្នុងពេលនេះគឺជាការប្រកួតដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។
លោកបន្តថា ការប្រកួតកីឡាពេលនេះបានផ្តល់ឱ្យកីឡាករ កីឡាការិនី និងគូរប្រកួតមានឱកាសសាកល្បង បញ្ចេញសមត្ថភាពបច្ចេកទេស ទេពកោសល្យ ដើម្បីទទួលជ័យជម្នះ ទន្ទឹមនិងនេះដែរវិស័យកីឡា បានរួមចំណែកកាត់បន្ថយភាពអសកម្ម អំពើអបាយមុខក្នុងសង្គម ដូចជា ការសេពគ្រឿងញៀន ល្បែងស៊ីសង អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗ ក្នុងសង្គមជាតិ។
លោកបានសម្តែងនូវអំណរគុណនិងកោតសសើរចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានសហការរៀបចំការប្រកួតកីឡាបានយ៉ាងល្អប្រសើរ ព្រមទាំងគណៈកម្មាការប្រកួតកីឡា គណៈប្រតិភូកីឡាស្រុក/ក្រុងទាំង៩ ដែលបានសហការគ្នាបានយ៉ាងល្អក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាក្នុងពេលនេះឱ្យទទួលបានជោគជ័យនិងលទ្ធផលល្អ និងសម្រាប់ផ្តល់កិត្តិយស ឱ្យក្រុង/ស្រុកនីមួយៗរបស់ខ្លួនផងដែរ។
លោក លី វេត បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីទៅប្រកួតនៅថ្នាក់ជាតិនៅពេលខាងមុខ និងខិតខំប្រឹងប្រែងសិក្សារៀនសូត្រក៏ក្លាយខ្លួនទៅជាពលរដ្ឋដែលមានសមត្ថភាពក្នុងការបម្រើប្រទេសជាតិឲ្យមានការីកចម្រើន។
គួរបញ្ជាក់ថា លទ្ធផលនៃការប្រកួត៖
១.ផ្នែកអត្តពលកម្ម បានលើស្រុកប្រាសាទបល្ល័ង្ក
២.ផ្នែកកីឡាប៊ូលនិងប៉េតង់
* ១នាក់ទល់និង១នាក់នារី បានលើឈ្មោះ ចាន់ ឆេងនាង ស្រុកសណ្តាន់
* ១នាក់ទល់និង១នាក់បុរស បានលើឈ្មោះ ណាក់ វ៉ាន់ណេត ក្រុងស្ទឹងសែន
* ៣នាក់ទល់និង៣នាក់នារី លេខ១បានទៅលើស្រុកប្រាសាទសំបូរ
* ៣នាក់ទល់និង៣នាក់បុរស លេខ១បានទៅលើស្រុកប្រាសាទសំបូរ
៣.ផ្នែកកីឡាក្រុម
* បាល់បោះនារី លេខ១បានទៅលើស្រុកបារាយណ៍
* បាល់បោះបុរស លេខ១បានទៅលើស្រុកប្រាសាទសំបូរ
* បាល់ទះនារី លេខ១បានទៅលើស្រុកប្រាសាទបល្ល័ង្ក
* បាល់ទះបុរស លេខ១បានទៅលើស្រុកប្រាសាទបល្ល័ង្ក
* បាល់ទាត់នារី លេខ១បានទៅលើក្រុងស្ទឹងសែន
* បាល់ទាត់បុរស លេខ១បានទៅលើស្រុកតាំងគោក

























![]()
