អ្នកចូលរួមលេងសង្ក្រានប្រមាណណ៣ម៉ឺននាក់ មកកំសាន្តសប្បាយជាមួយសង្ក្រានរដ្ឋបាលស្រុកស្ទោងថ្ងៃទី២
(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញចូលរួមកំសាន្តសប្បាយសង្ក្រាន្តឆ្នាំថ្មី សង្ក្រានរដ្ឋបាលស្រុកស្ទោង នៅវត្តហប់ ស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ នៃសង្ក្រាន្តទី២ឆ្នាំនេះ។
ទន្ទឹមនឹងនេះលោកអភិបាលស្រុក បានអំពាវនាវដល់យុវជន និងអ្នកមកលេងសង្ក្រានទាំងអស់ត្រូវលេងកម្សាន្តដោយការទទួលខុសត្រូវ ចេះយោគយល់អធ្យាស្រ័យ មានសីលធម៌ខ្ពស់ ជាពិសេសរក្សានូវទំនៀមទម្លាប់ប្រពៃណីបុរាណនិងល្បែងប្រជាប្រិយខ្មែរដែលជាកេរ្តិ៍ដំណែលរបស់ដូនតាដែលជាវប្បធម៌ដ៏ផូរផងនៃជាតិយើងឱ្យបានជាអមតៈ។
ជាមួយនេះផងដែរលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ព្រះគ្រូចៅអធិការ លោកអាចារ្យ គណៈកម្មការវត្តហប់ កងកម្លាំងទាំងបី ដែលបានបង្កលក្ខណៈនិងផ្ដល់ទីតាំងដល់រដ្ឋបាលស្រុកសម្រាប់រៀបចំសង្ក្រាន្តរបស់រដ្ឋបាលស្រុកស្ទោង សម្រាប់ជូនពុកម៉ែបងប្អូនបានកំសាន្តសប្បាយឆ្នាំថ្មីទាំងអស់គ្នា ក្រោមម្លប់សន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិ ដែលមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ផងដែរថារដ្ឋបាលស្រកស្ទោង បានរៀបចំតុបតែងកែលម្អស្ពានចំនួន៣គឺស្ពានលេខ៥៩ ស្ពានលេខ៦០ និងស្ពានលេខ៦១ ព្រមទាំងវត្តអារាមនានា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍និងបង្កលក្ខណៈជូនពលរដ្ឋក្នុងមូលដ្ឋានបានកម្សាន្តសប្បាយទាំងអស់គ្នា។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។