អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាបបានលើកឡើងថា “ការការពារធនធានធម្មជាតិព្រៃលិចទឹកគឺជាកិច្ចការរួមរបស់យើងទាំងអស់គ្នា”
(កំពង់ធំ)÷ អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាបបានលើកឡើងថា “ការការពារធនធានធម្មជាតិព្រៃលិចទឹកគឺជាកិច្ចការរួមរបស់យើងទាំងអស់គ្នា”: ឯកឧត្តម ហ៊ែល តូនី បានលើកឡើងដូច្នេះក្នុងឱកាសដែលឯកឧត្តម និងសហការីព្រមទាំងលោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញចុះពិនិត្យមើលស្ថានភាពព្រៃលិចទឹកនៅក្នុងភូមិសាស្ត្រស្រុកស្ទោងខេត្តកំពង់ធំ កាលពីថ្ងៃទី២០ខែមីនា ឆ្នាំ ២០២៦។
ឯកឧត្តមបានសង្កត់ធ្ងន់ថា គ្មានការរុះរើ ឬកាត់ឆ្វៀលថ្មីៗទៀតឡើយដើម្បីជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋជាពិសេសគឺ ត្រូវគោរពនិងអនុវត្តតាមការចង្អុលបង្ហាញ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែការពារដាច់ខាតឱ្យខាងតែបានដើម្បីទុកជាជម្រកត្រីពង ជីវចម្រុះ និងជាធនធានធម្មជាតិកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយ។
ជាមួយគ្នានេះ ឯកឧត្តម ហ៊ែល តូនី បានកោតសរសើរខ្ពស់ដល់អាជ្ញាធរស្រុកស្ទោងជាពិសេសលោក សាយ គឹមឡម ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង និងសហការីព្រមទាំងកងកម្លាំងនៅក្នុង ទីបញ្ជាការស្រាលទាំង៥ទីតាំង ដែលបានលះបង់សព្វបែបយ៉ាងក្នុងការការពារនូវធនធានធម្មជាតិពីការរុករានទន្ទ្រានពីជនឱកាសនិយមបានល្អប្រសើរកន្លងមក។
លើសពីនេះឯកឧត្តម បានអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្ទោង សូមបន្តវប្បធម៌និងចូលរួមថែរក្សាការពារតំបន់ជីវៈចម្រុះ ទីតាំងអភិរក្សនិងព្រៃរនាមព្រៃលិចទឹក ដែលជាជម្រកត្រីពង និងគម្របធម្មជាតិឱ្យបានគង់វង្សស្ថិតស្ថេរតទៅ ព្រោះជាតំបន់រណប នៃរ៉ាមសារស្ទឹងសែន រ៉ាមសារទន្លេឆ្មានិងបឹងទន្លេសាប។
ជាមួយនេះផងដែរលោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ហ៊ែល តូនី ដែលបានឧបត្ថម្ភគាំទ្រសម្រាប់ការចុះល្បាតការពារ ធនធានធម្មជាតិមច្ឆជាតិ ព្រៃរនាមលិចទឹក និងនៅតាមទីបញ្ជាការស្រាលទាំងប្រាំ ក្នុងភូមិសាស្ត្រស្រុកស្ទោង ដើម្បីធានាមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថាអាជ្ញាធរទន្លេសាបបានដាំបង្គោលជើងបីចំនួន៧៩បង្គោល ក្នុងភូមិសាស្ត្រស្រុកស្ទោងដើម្បីការពារអភិរក្សព្រៃលិចទឹកនៅក្នុងតំបន់បី។ អត្ថបទ រដ្ឋបាលស្រុកស្ទោង.ពិនិត្យដោយអ៊ុមញឹប។










![]()
