អភិបាលស្រុកស្ទោង បានលើកទឹកចិត្តអាជ្ញាធរឃុំនិងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវថែរក្សាសមិទ្ធផលដែលរាជរដ្ឋាភិបាលបានធ្វើជូន
កំពង់ធំ: អភិបាលស្រុកស្ទោង បានលើកទឹកចិត្តអាជ្ញាធរឃុំនិងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវថែរក្សាសមិទ្ធផលដែលរាជរដ្ឋាភិបាលបានធ្វើជូន : លោកសាយ គឹមឡម បានលើកទឹកចិត្តដូច្នេះក្នុងឱកាសដែលលោកនិងសហការី ព្រមទាំងជំនាញបច្ចេកទេសរដ្ឋបាល ខេត្តកំពង់ធំ បានចុះពិនិត្យវាយតម្លៃគម្រោងមូលនិធិឃុំរុងរឿងឆ្នាំ២០២៥ កាលពីព្រឹកថ្ងៃទី ២៦ខែមករា ឆ្នាំ ២០២៦។
ទន្ទឹមនឹងនេះលោកបានឱ្យអាជ្ញាធរឃុំរុងរឿងនិងប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវបេតុងថ្មីនេះ ត្រូវនាំគ្នាបើកផ្លូវនេះឲ្យបានធំទូលាយថែមទៀត ដើម្បីសោភ័ណភាព សុវត្ថិភាពនិងធានានូវគុណភាពផ្លូវដែលអាចប្រើប្រាស់បានយូរអង្វែងជាពិសេស ត្រូវចូលរួមដាំដើមឈើឱ្យបានគ្រប់ៗគ្នា និងគ្រប់គេហដ្ឋានដែលលោកនឹងដឹកនាំដាំកូនឈើអមសងខាងផ្លូវនេះបន្ថែមទៀត ក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។
ជាមួយនេះផងដែរលោកអភិបាលស្រុកស្ទោងបានកោតសរសើរខ្ពស់ដល់ក្រុមហ៊ុនដែលជាអ្នកទទួលការសាងសង់ផ្លូវនេះបានប្រកបដោយបទដ្ឋានបច្ចេកទេសកិច្ចសន្យា ហើយត្រូវបំពេញបន្ថែមនៅចំណុចខ្វះខាតមួយចំនួនឱ្យបានត្រឹមត្រូវថែមទៀត។
សូមបញ្ជាក់ថា ការពិនិត្យវាយតម្លៃសម្រេចផ្លូវនៅក្នុងឱកាសនេះជាផ្លូវបេតុងប្រវែងជិតមួយគីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ ដែលស្ថិតនៅក្នុងភូមិ បទុមលិច ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ មានកម្រាស់០,១៥ម៉ែត្រ ជាថវិកាមូលនិធិឃុំឆ្នាំ២០២៥ ដែលត្រៀមដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិប ឯកឧត្តមនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្នុងពេលឆាប់ៗខាងមុខនេះ។អត្ថបទរដ្ឋបាលស្រុកស្ទោងពិនិត្យដោយអ៊ុមញឹប។











![]()
