អភិបាលស្រុកស្ទោង អំពាវនាវជនភៀសសឹក និងពលរដ្ឋក្នុងមូលដ្ឋានត្រូវបន្តពហិកាប្រទេសសៀម ឬផលិតផលសៀម
(កំពង់ធំ )÷ អភិបាលស្រុកស្ទោង អំពាវនាវជនភៀសសឹក និងពលរដ្ឋក្នុងមូលដ្ឋានត្រូវបន្តពហិកាប្រទេសសៀមឬផលិតផលសៀម លោក សាយ គឹមឡម បានអំពាវនាវដូច្នេះនៅក្នុងឱកាសដែលអាជ្ញាធរស្រុកស្ទោងបន្តជួបសំណេះសំណាលសួរសុខទុក្ខ ជនភៀសសឹកនៅថ្ងៃចូលឆ្នាំថ្មី នៅស្រុកស្ទោងកាលពីព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៦។
លោកបានសង្កត់ធ្ងន់ថា ពលរដ្ឋខ្មែរគ្រប់រូបត្រូវតែមានស្មារតីជាតិនិយមឱ្យបាបខ្ពស់បំផុត ហើយត្រូវធ្វើពហិកាគ្រប់បែបយ៉ាងចំពោះផលិតផលសៀមឬប្រទេសសៀម ដើម្បីលើក កម្ពស់ផលិតផលក្នុងស្រុកដែលជាស្នាដៃរបស់កូនខ្មែរ និងកាត់បន្ថយឥទ្ធិពលទំនិញនានារបស់ប្រទេសសៀមក៏ដូចជាឥទ្ធិពលសេដ្ឋកិច្ចរបស់ប្រទេសមួយនេះ ដែលតែងតែបង្កអរិភាពឥតឈប់ឈរមកលើព្រះរាជាណាចក្រកម្ពុជាយើង ជាពិសេសបាន ឈ្លានពានទឹកដីកម្ពុជាយើងម្ដងហើយម្ដងទៀត ជាពិសេសតាមខ្សែបន្ទាត់ព្រំដែនប្រវែងប្រមាណជា៨០០គីឡូម៉ែត្រ។
ឆ្លៀតក្នុងឱកាសនោះលោកបានសម្ដែងនូវការសាទរក្រៃលែងបំផុតនូវវត្តមានរបស់បងប្អូនវីរៈកងទ័ពដ៏អង់អាចក្លាហាននៃយើងដែលត្រូវប្រទេសសៀមចាប់ធ្វើជាចំណាប់ខ្មាំងអស់រយ:ពេលប្រមាណជាង៥ខែ ហើយបានវិលត្រឡប់មកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាពកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
ជាមួយគ្នានេះ លោកសាយ គឹមឡម បានអំពាវនាវដល់ជនភៀសសឹក ឱ្យដាក់ពាក្យចូលធ្វើការនៅក្រុមហ៊ុនចម្ការកៅស៊ូCRCK2 និងចម្ការកៅស៊ូបៀនហៀកស្រុកស្ទោង ព្រោះក្រុមហ៊ុនកំពុងត្រូវការកម្លាំងពលកម្មជាច្រើនកន្លែង អាចបានប្រាក់កម្រៃសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចបណ្ដោះអាសន្ន។
លើសពីនេះទៀត លោកបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អគ្គនាយកក្រុមហ៊ុនចម្ការកៅស៊ូCRCK2និងក្រុមហ៊ុនចម្ការកៅស៊ូបៀនហៀកស្រុកស្ទោងដែលតែងតែចូលរួមសហការជាមួយរដ្ឋបាលស្រុកសព្វបែបយ៉ាង និងការធ្វើកិច្ចការមនុស្សធម៌ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងកិច្ចការទូទៅកន្លងមកក៏ដូចជាក្នុងពេលនេះ។
សូមបញ្ជាក់ថា ជនភៀសសឹកដែលទទួលអំណោយនៅក្នុងឱកាសនេះមានចំនួន៣៦០គ្រួសារ ដែលក្នុង១គ្រួសារៗទទួលបាននូវអង្ករ១បេ និងត្រីខរ១យួរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។





















![]()
