លោកឧត្តមសេនីយ៍ទោ ហេង សុផល ផ្សព្វផ្សាយការងារសន្តិសុខ និងពង្រឹងការងារជំនាញ ដល់លោកនាយការិយាល័យ និងលោកអធិការនគរបាលទាំង០៩ក្រុង-ស្រុក
(កំពង់ធំ)÷ព្រឹកថ្ងៃទី ១ ខែ មករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំ
ផ្សព្វផ្សាយការងារសន្តិសុខ និងពង្រឹងការងារជំនាញ ដល់លោកនាយការិយាល័យ និងលោកអធិការនគរបាលទាំង០៩ក្រុង-ស្រុក នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។
ជាកិច្ចចាប់ផ្ដើមលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ថ្លែងអំណរគុណ ដល់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំង
កាយចិត្ត ធនធានសម្ភារៈ ថវិកាផ្ទាល់ខ្លួន ចូលរួមចំណែកបំពេញភារកិច្ច របស់កងកម្លាំងនគរបាលជាតិ សម្រេចបានសមិទ្ធផល ស្នាដៃ ជាបន្តបន្ទាប់ ជាពិសេសបេសកកម្ម ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ ធានាបានសេចក្តីសុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ។
ដើម្បីធានាបានសន្តិភាព នាពេលបច្ចុប្បន្ន និងអនាគត់ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងពង្រឹងលើការងារ÷
*ទី១-ផែនការងារសន្តិសុខ
*ទី២-ផែនការងារព្រហ្មទណ្ឌ
*ទី៣-ផែនការងារសណ្ដាប់ធ្នាប់សារធារណៈ ការងារ សន្តិសុខ សណ្តាប់ធ្នាប់សង្គម រួមគ្នាគិតរួមគ្នាអនុវត្ត សំដៅ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ផ្ដល់ភាពសុខដុមរមនា ជូនសង្គមជាតិ និងប្រជាពលរដ្ឋ ។
*ទី៤-ការងារគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងមនុស្ស ចំណូលចំណាក ស្រុក ជាពិសេសប្រជាជន ដែលវិលត្រឡប់មកពីប្រទេសថៃ ក្នុងនោះពលករ និងជនភៀសសឹក ដែលមកស្នាក់នៅតាមមូលដ្ឋានឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ជួយ អន្តរាគមន៍ ឧបត្ថម្ភ ស្បៀងអាហារ ដល់ក្រុមគ្រួសារពួកគាត់ ។
ទោះបីជាបទល្មើសថយចុះយ៉ាងណាក្តី លោកស្នងការ បានក្រើនរំលឹកដល់កងកម្លាំង ត្រូវបង្កើនការងារផ្សព្វផ្សាយគោលនយោបាយ”ភូម-ឃុំ-សង្កាត់ មានសុវត្ថិភាព” តាមរយៈការធ្វើវេទិកាសាធារណៈ ដល់មហាជន គ្រប់ស្រទាប់វណ្ណៈ ដើម្បីលើកកម្ពស់ ការយល់ដឹង និងចូលរួមអនុវត្ត ឱ្យមានលទ្ធផលល្អប្រសើរ ដើម្បីចូលរួមសហការ បង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ តាមផែនការយុទ្ធសាស្ត្រ ដែលបានកំណត់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ។ ដោយឡែកបញ្ហាដ្រូន បន្ទាប់ពីមានសារាចរណ៍ណែនាំ អំពីការប្រើប្រាស់ ក្នុងភូមិសាស្រ្តខេត្ត ត្រូវបន្តតាមដានមុខសញ្ញាណាដែលតែតែងបង្ហោះ ត្រូវបង្រ្កាបឱ្យបានទាន់ពេលវេលា ដើម្បីធានាដល់សន្តិសុខសង្គមរបស់យើង ។
អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។










![]()
