
អបអរសាទរការបញ្ចប់គម្រោងក្រុមស្នូលរយៈពេល១ឆ្នាំ ការចូលរួមរបស់សិស្សានុសិស្ស នៃអនុវិទ្យាល័យព្រៃព្រាល ឆ្នាំ២០២៥ និងការប្រគល់កុំព្យូទ័រចំនួន ១២គ្រឿង ម៉ាស៊ីនព្រីនធ័រ ចំនួន ០១គ្រឿង ដល់សាលារៀន ជាគម្រោងឆ្លើយតបបញ្ហាសង្គម
(កំពង់ធំ)÷ លោក ថន ពុទ្ធា អភិបាលរងស្រុកកំពង់ស្វាយ លោក ម៉ា វុទ្ធី មន្រ្តីការិយាល័យមធ្យមចំណេះទូទៅ តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ លោក ស៊ន ផាន់ណា ប្រធានជាន់ខ្ពស់ប្រិយសម្ព័ន្ធគ្រឹះបរិស័ទកម្ពុជា ព្រមទាំងព័ន្ធកិច្ចយុវជន និងកីឡាគ្រីស្ទបរិស័ទខេត្តកំពង់ធំ លោក ម៉ាក់ សាននី នាយកអនុវិទ្យាល័យ ព្រៃព្រាល លោកគ្រូ អ្នកគ្រូ គណៈកម្មការទ្រទ្រង់សាលា និងសិស្សានុសិស្សប្រមាណជាងដាក់២៧០នាក់ បានអញ្ជើញចូលរួមក្នុងកម្មវិធីអបអរសាទរការបញ្ចប់គម្រោងក្រុមស្នូលរយៈពេល១ឆ្នាំ ការចូលរួមរបស់សិស្សានុសិស្ស នៃអនុវិទ្យាល័យព្រៃព្រាល ឆ្នាំ២០២៥ និងការប្រគល់កុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ ដល់សាលារៀន ជាគម្រោងឆ្លើយត បបញ្ហាសង្គម ស្ថិតនៅបរិវេណអនុវិទ្យាល័យព្រៃព្រាល ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។
លោក ម៉ាក់ សាននី នាយកអនុវិទ្យាល័យ ព្រៃព្រាល បានបញ្ជាក់ថា នៅឆ្នាំសិក្សា២០២៥-២០២៦ មានអគារសិក្សាចំនួន ២ខ្នង ស្មើនឹង១១បន្ទប់ ចំនួនថ្នាក់រៀនមាន៥ថ្នាក់ មានគ្រូបង្រៀនសរុបចំនួន១០នាក់ ស្រី០៥នាក់ បុគ្គលិកទីចាត់ការចំនួន០១នាក់ បុគ្គលិកបង្រៀនចំនួន០៩នាក់ សិស្សដើមឆ្នាំមានចំនួន២៣៩នាក់ ស្រី១២៥នាក់។
លោក លន់ សុខុន បានឡើងរាយការណ៍អំពីឈ្មោះគម្រោងមានឈ្មោះថា ក្រុមស្នូលដើម្បីអភិឌ្ឍសហគមន៍តាមរយៈ សិស្សអនុវិទ្យាល័យព្រៃព្រាល។ គម្រោងត្រូវបានអនុវត្តដោយ ក្រុមស្នួលមានយុវជនស្ម័ក្រចិត្ត៥នាក់ មកពី ក្រុមជំនុំ ព្រះវិហារផ្សេងៗក្នុងខេត្តកំពង់ធំ ក្រោមការផ្តល់ឱកាស និងលើកទឹកចិត្តពីគណៈកម្មការព័ន្ធកិច្ចយុវជន និងកីឡាគ្រីស្ទបរិស័ទខេត្តកំពង់ធំ និងការគាំទ្រថវិកាដោយ ប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទកម្ពុជា គម្រោងនេះបានចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ រយៈពេល១ឆ្នាំមកហើយ។
លោក លុន សុខុម ប្រធានព័ន្ធកិច្ច យុវជន និងកីឡាគ្រីស្ទបរិស័ទខេត្តកំពង់ធំ បានបន្តទៀតថាសកម្មភាពដែលបានអនុវត្ត និងលទ្ធផលដែលសម្រេចបាន ក្រោយពីបានដាក់ការអនុវត្តគម្រោងចាប់ពីដើមឆ្នាំមកដល់ពេលនេះ ក្រុមស្នូលអនុវត្តសម្រេចបាននូវ សកម្មភាពមួយចំនួនដូចជា៖
បង្រៀនសិស្ស២៥នាក់ រាល់២សប្តាហ៍ម្តង រៀងរាល់ថ្ងៃព្រហស្បតិ៍ម៉ោង២ ដល់៤រសៀល។ នាំសិស្ស លេងកីឡា ដើម្បីសុខភាពរាងកាយ និងផ្លូវចិត្ត។ បានបង្រៀនមេរៀនបំណិនជីវិត “ភាពជាអ្នកដឹកនាំវ័យក្មេង Leaderomonics” សរុបចំនួន ០៦មេរៀន។ បាននាំសិស្សស្រាវជ្រាវរកតម្រូវការដែលមាននៅក្នុងសាលា ដូចជាខ្វះសម្ភារៈអនាម័យ នាំសិស្សធ្វើគម្រោង និងបានឆ្លើយតប នូវតម្រូវការទាំងអស់នោះកាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០២៥ មានដូចជា អំបោស ប្រដាប់ជូនជើង នាឡិកា កញ្ចក់ សាប៊ូ។
នៅថ្ងៃនេះផងដែរដោយមានការសិក្សាស្រាវជ្រាវរបស់សិស្សស្នូលបានរកឃើញថាសាលាត្រូវការ កំព្យូទ័រសម្រាប់បង្រៀនដល់សិស្ស ពួកយើងខ្ញុំជាសិស្សស្នូល និងក្រុមស្នូលបានធ្វើគម្រោងនេះ ដើម្បីឆ្លើយតបជាមួយបញ្ហាដែលមាន ជាលទ្ធផល ថ្ងៃនេះយើងបានកំព្យូទ័រចំនួន ១២គ្រឿង និងម៉ាស៊ីនព្រីនធ័រ ០១គ្រឿង ផ្តល់ជូនដល់អនុវិទ្យាល័យ ព្រៃព្រាល។
ពិធីសំណេះសំណាលជាមួយអាណាព្យាបាលសិស្ស និងសិក្សានុសិស្ស លោក ថន ពុទ្ធា អភិបាលរងស្រុកកំពង់ស្វាយ បានអប់រំដល់ក្មួយៗជាសិស្សានុសិស្សគឺ ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ស្ដាប់ការណែនាំរបស់លោកគ្រូអ្នកគ្រូ។ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ។ នៅរដូវរាំងស្ងួតសូមសិក្សានុសិស្ស និងឪពុកម្ដាយ មុនទៅណាត្រូវពន្លត់ភ្លើងចង្ក្រាន ធូប ទៀន ពិសេសគឺបិទកុងតាក់ភ្លើងអគ្គិសនីឱ្យបានត្រឹមត្រូវ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ដើម្បីការពារដល់អាយុជីវិត។ បងប្អូនដែលមានសត្វគោក្របីត្រូវគ្រប់គ្រងខ្លួនឯង មិនត្រូវព្រលែងទាំងយប់ទាំងថ្ងៃនោះទេ ជៀសវាងបង្កគ្រោះថ្នាក់កើតឡើងដោយយថាហេតុ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។























![]()
