ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងចម្រុះ បង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់ជើងភ្នំជីមូស ក្នុងភូមិសាស្ត្រស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចម្រុះ បង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់ចៅហោច ជើងភ្នំជីមូស ជាប់មាត់បឹងទន្លេសាប ស្ថិតនៅក្នុងឃុំ ចំណាក្រោមស្រុកស្ទោង និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ដោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ និងភ្នាក់ងារផ្ដល់ព័ត៌មាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយអនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការការឯកភាពរដ្ឋបាលខេត្ត កំពង់ធំ ។ ថ្ងៃនេះកងកម្លាំងអនន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង បានសហការជាមួយស្ថាប័នជំនាញជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត កម្លាំងកងទ័ពជើងទឹក វាយលើគោក ប្រចាំការនៅតំបន់ភ្នំជីមូស បានប្រើប្រាស់កម្លាំងសរុបនិងមធ្យោបាយសមស្រប ក្នុងការបង្ក្រាប និងបំផ្លាញចោលនូវឧបករនេសាទខុសច្បាប់ ដែលបានដាក់ពង្រាយជាច្រើនកន្លែង និងមានប្រវែងជាច្រើនរយម៉ែត្រ នៅតំបន់ជើងភ្នំជីមូស មាត់បឹងទន្លេរសាបក្នុងភូមិសាស្ត្រស្រុកស្ទោង ជាប់ព្រំប្រទល់ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់បន្ថែមទៀតថា៖ ឧបករណ៍នេសាទខុសច្បាប់ ដែលបានបំផ្លាញចោលនៅថ្ងៃនេះ មានសាច់អួន ក្រឡាញឹក និងរបាំងសាច់អួនលេីសប្រវែង កំណត់ នៃច្បាប់ សរុបប្រមាណ ៦០០ ម៉ែត្រ ។ ចាក់លែងត្រីចម្រុះប្រមាណ១៥ គីឡូក្រាម និងបំផ្លាញឧបករណ៍នេសាទខុសច្បាប់មួយចំនួនទៀតផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់ស្ថាប័នជំនាញជលផល ត្រូវស្រាវជ្រាវរកមុខសញ្ញាជនល្មើស ដែលបានប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលនៅតែប្រព្រឹត្តបទល្មើសដ៏ដែរៗមិនរៀងចាល ឬកោតញញេីតចំពោះច្បាប់ឡើយ ដើម្បីកសាងសុះណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាជួយផ្ដល់ព័ត៌មាន ដល់កងកម្លាំងចម្រុះ ឬផ្ដល់ព័ត៌មានដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អំពីទីតាំង និងមុខសញ្ញា ដាក់បទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឱ្យបានច្បាស់លាស់ និងទាន់ពេលវេលា ដើម្បីកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងនាមគណអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបទធនធានធម្មជាតិ និងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ទៅបង្ក្រាបឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីធ្វើឲ្យមច្ឆាជាតិរបស់យើងបានសម្បូរឡើងវិញ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ។ អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។










![]()
