មន្ទីរព័ត៌មានខេត្តកំពង់ធំនិងរដ្ឋបាលស្រុកសន្ទុកបន្ត បើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោម ទិសស្លោក”និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ”
(កំពង់ធំ)៖ មន្ទីរព័ត៌មានខេត្តកំពង់ធំនិងរដ្ឋបាលស្រុកសន្ទុកព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមទិសស្លោក៖ ”និយាយថាទេចំពោះ ព័ត៌មានក្លែងក្លាយ ។ យុទ្ធនាការនេះ បានធ្វើការ ដង្ហែរក្បួន ចេញពីបរិវេណរដ្ឋបាលស្រុក សន្ទុក ដឹកនាំដោយ លោក សន វឿន អភិបាលរងស្រុកសន្ទុក និង លោក ប៉ាត ពណ្ណរាយអនុប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តកំពង់ធំ កងម្លាំងទាំង៣ មន្ត្រីរាជការសាលាស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកសន្ទុក និងសិស្សានុសិស្ស ច្រើនកុះករ។
នៅក្នុងវិធីក្បួនដង្ហែយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ លោកអនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំនិងសហការី បានធ្វើការ ផ្សព្វផ្សាយសាររសំលេង ជុំវិញទិស ស្លោក ជាច្រើនរបស់ក្រសួងព័ត៌មាន ដែលបានផ្តោតសំខាន់ រួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និង យើងត្រូវ« និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»
លោកប៉ាត ពណ្ណរាយ ផ្សព្វផ្សាយលើកឡើងថា យុទ្ធនាការនេះបាននឹងកំពុង អនុវត្តនៅទូទាំងប្រទេសក្នុងរយៈពេល ១២ខែ គឺចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ ដោយឡែក ខេត្តកំពង់ធំជាគោលដៅ ចាប់ផ្ដើមពីដើមខែវិច្ឆិកាឆ្នាំ ២០២៥ បន្ទាប់ពី ការធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះ ”ពីបណ្ដា ខេត្តផ្សេងៗ ជាមួយនឹងគ្នានេះដែរ លោក សន វឿន អភិបាលរង ស្រុកសន្ទុក មានប្រសាសន៍គាំទ្រ នឹងលើកឡើងថា យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ មានសារៈសំខាន់ចាំបាច់បំផុត ដែលយើងចាប់ផ្ដើមទាំងអស់គ្នា ត្រូវនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយ ជាអតិបរិមា នូវរាល់ប្រភេទព័ត៌មានក្លែងក្លាយ និងឈានទៅលុបបំបាត់ព័ត៌មានពីលំហព័ត៌មាន ក្នុងសង្គមកម្ពុជា សំដៅធានាសន្តិសុខ សុវត្ថិភាពព័ត៌មាន ពោលគឺការទទួលព័ត៌មានប្រកបដោយគុណភាព និងមានសុវត្ថិភាព ជូនសាធារណជនទូទៅ។
លោកអភិបាលរងស្រុក បានបន្តថាយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលបានធ្វើការដង្ហែក្បួនចេញពីសាលាស្រុក សន្ទុក ឆ្លងកាត់ទីប្រជុំជន ផ្សារតាំងក្រសាំងនិងបានបញ្ចប់នៅក្នុងបរិវេណរូបសំណាក់ស្រីគ្រប់ល័ក្ខ ទឹកដីស្រុកសន្ទុកនេះ ចម្ងាយជាង ១០០០ ម៉ែត្រ ជាការរួមចំណែកក្រើនរំលឹក ដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម។
សូមបញ្ជាក់ថាបច្ចុប្បន្នរាជរដ្ឋាភិបាល ដែលមានក្រសួងព័ត៌មានជាសេនាធិការ បានដាក់ចុះនូវយន្តការ និងវិធានការ នៃការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ ដោយប្រើប្រាស់យុទ្ធសាស្ត្រ « ៣ ប » គឺ÷ «បញ្ជ្រាប បន្សាប និងបង្ក្រាប» បច្ចុប្បន្ននេះ ក្រសួងព័ត៌មានបាននឹងកំពុងអនុវត្ត កិច្ចការនេះ យ៉ាងយកចិត្តទុកដាក់បំផុត តាមរយៈការបង្កើតគណៈកម្មាធិការប្រឆាំងព័ត៌មានក្លែងក្លាយ ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងមហាផ្ទៃ ក្រសួងប្រៃសណយ៍ និងទូរគមនាគមន៍ ក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ និងស្ថាប័នអន្តរជាតិ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមបរទេស មាន Google, Facebook, TikTok ។
ជាមួយគ្នានេះដែរគណៈកម្មាធិការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ បានរំលេចគូសបញ្ជាក់ថា ព័ត៌មានក្លែងក្លាយមាន៣ប្រភេទក្នុងនោះមាន៖
១. ព័ត៌មានក្លែងបន្លំ ជាប្រភេទព័ត៌មានមិនពិត ដែលបានបង្កើតឡើង ហើយយកទៅផ្សព្វផ្សាយ ឬចែកចាយដោយចេតនាដើម្បីបំភាន់ ឬបោកប្រាស់សាធារណជន ក្នុងគោលបំណង បង្កផលប៉ះពាល់ ដល់ជនណាម្នាក់ អង្គការណាមួយ ឬប្រទេសណាមួយ ។
២. ព័ត៌មានបំភ្លឺ ជាប្រភេទព័ត៌មានមិនពិតដែលត្រូវបានគេកែច្នៃពីព័ត៌មានពិត ហើយត្រូវ បានគេយកមកផ្សព្វផ្សាយ ឬចែកចាយក្នុងចេតនាធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ កិត្តិយសបុគ្គល អង្គការ ស្ថាប័ន ឬប្រទេសណាមួយ ។
៣. ព័ត៌មានភាន់ច្រឡំ ជាប្រភេទព័ត៌មានមិនពិត ដែលត្រូវបានគេផ្សព្វផ្សាយ ឬចែករំលែកតៗគ្នា ដោយចេតនា ឬអចតនាធ្វើឱ្យមានការយល់ច្រឡំ ហើយជួនកាលអ្នកចែក រំលែក មិនដឹងច្បាស់ ពីប្រភពព័ត៌មានដែលខ្លួនទទួលបាន ដោយគ្មានបំណងធ្វើឱ្យខូចខាត ឬប៉ះពាល់ផលប្រយោជន៍ បុគ្គល ស្ថាប័ន ឬប្រទេសណាមួយឡើយ។ ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ យើងត្រូវជំរុញ ការផ្សព្វផ្សាយព័ត៌មានពិត ឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់កុំឱ្យព័ត៌មានក្លែងក្លាយ ដឹកមុខយើង ឬក៏កុំទុកឱកាស ឱ្យព័ត៌មានក្លែងក្លាយ រីកសាយភាយ ។ អត្ថបទធូរកែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។






























![]()
