ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រគល់ថវិកាបេឡាមរណសង្គ្រោះ និងអំណោយមនុស្សធម៌របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង តំណាងឲ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និងក្រុងស្ទឹងសែន រួមជាមួយអាជ្ញាធរដែនដី បានទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍ ដែលបានទទួលមរណភាពដោយរោគាពាធ នៅគេហដ្ឋានរបស់សព ស្ថិតនៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោកអនុសេនីយ៍ទោ យិន ដាលីន នាយរងការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង តំណាងឲ្យក្រុមលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានបញ្ជាក់ថា៖ លោក អ៉ឹម យ៉ុន ជាអតីតយុទ្ធជនចូលសោធននិវត្តន៍ អាយុ ៥៩ឆ្នាំ មានឋានន្តសក្តិ អនុសេនីយ៍ឯក បានចូលរួមបម្រើក្នុងជួរកងនគរបាលខេត្តកំពង់ធំ នៅឆ្នាំ១៩៩៥ ហើយត្រូវបានក្រសួងមហាផ្ទៃដាក់ចូលនិវត្តន៍នៅក្នុងឆ្នាំ២០២០ ហេីយលោកត្រូវបានទទួលមរណភាពដោយរោគាពាធនៅថៃ្ងទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលមិញនេះ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោក អ៉ឹម យ៉ុន ដែលជាអតីតយុទ្ធជនចូលសោធននិវត្តន៍ ធ្លាប់មានគុណបំណាច់ចំពោះជាតិ និងប្រជាជន ក្នុងការចូលរួមថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមនៅក្នុងខេត្ត ព្រមទាំងធ្លាប់ឆ្លងកាត់ ការប្រយុទ្ធក្នុងសម័យសង្គ្រាមស៊ីវិលផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានជម្រាបជូនក្រុមគ្រួសារសព និងប្រជាពលរដ្ឋអំពីប្រសាសន៍សំខាន់ៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឲ្យកាន់តែមានភាពប្រសើរឡើង គិតទាំងការយកចិត្តទុកដាក់ ការសិក្សារៀនសូត្រ ការផ្តល់ការងារសមស្របសម្រាប់កូនចៅអតីតយុទ្ធជន និងនិវត្តជនយេីង រួមទាំងការដោះស្រាយដីធ្លី និងផ្ទះសម្បែង ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលគ្មានដីគ្មានផ្ទះ ពិតប្រាកដផងដែរ ។
នៅក្នុងឱកាសចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងគោរពវិញ្ញាណក្ខន្ធសព អតីតយុទ្ធជនសោធននិវត្តន៍ ឈ្មោះ អ៉ឹម យ៉ុន នេះដែរ ។ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤,០០០,០០០ រៀល និងគ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារសពផងដែរ និងបានសូមបួងសួងដល់វិញ្ញាណក្ខន្ធលោក អ៉ឹម យ៉ុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។









![]()
