កិច្ចប្រជុំលើកទី៤ ស្តីពីការពិនិត្យគម្រោងវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨
(កំពង់ធំ)៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម លី វេត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំលើកទី៤ ស្តីពីការពិនិត្យឡើងវិញនូវគម្រោងសកម្មភាពដែលផ្តល់ដោយមន្ទីរ អង្គភាព ក្រុង ស្រុក ដើម្បីរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ នៅសាល់ប្រជុំសាលាខេត្តកំពង់ធំ។
ឯកឧត្តម បានលើកឡើងថា បន្ទាប់ពីកិច្ចប្រជុំណែនាំកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារកសាងផែនការខេត្តបានប្រមូលទិន្នន័យ ធាតុចូលពីមន្ទីរ អង្គភាព ក្រុង ស្រុក នានា ដើម្បីរៀបចំជាតារាងគម្រោងវិនិយោគ។ ក្នុងនោះ រួមមានគម្រោងដែលបានអនុវត្តរួច គម្រោងកំពុងដំណើរការ គម្រោងមានការសន្យាគាំទ្រ និងគម្រោងអាទិភាពដែលត្រូវបានស្នើសុំបញ្ចូលក្នុងកម្មវិធីវិនិយោគខេត្ត។
ឯកឧត្តម បានសង្កត់ធ្ងន់ថា ការរៀបចំកម្មវិធីវិនិយោគជាកិច្ចការចាំបាច់ដែលត្រូវធ្វើជារៀងរាល់ឆ្នាំ ប៉ុន្តែលទ្ធផលបូកសរុបធាតុចូលនៅតាម ក្រុង ស្រុក នៅមានភាពខ្វះចន្លោះមិនទាន់ឆ្លុះបញ្ចាំងត្រឹមត្រូវទៅលើតម្រូវការស្ថានភាពបច្ចុប្បន្ន នៃវិស័យសង្គម និងសេដ្ឋកិច្ច ដូច្នេះត្រូវការការខិតខំប្រឹងប្រែងបន្ថែមពីស្ថាប័នជំនាញ និងរដ្ឋបាលគ្រប់ថ្នាក់។
ឯកឧត្តម បានអំពាវនាវឱ្យមន្ត្រីជាប់ពាក់ព័ន្ធ ពិនិត្យឡើងវិញនូវគម្រោងសកម្មភាពទាំងអស់ ដើម្បីបូកសរុបជាចុងក្រោយ ត្រៀមសម្រាប់វេទិការពិគ្រោះយោបល់ថ្នាក់ខេត្ត និងសិក្ខាសាលាសមាហរណកម្មថ្នាក់ក្រុង ស្រុក។
ឯកឧត្តមបានថ្លែងអំណរគុណដល់វត្តមាន និងការចូលរួមរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ សូមជូនពរឱ្យកិច្ចការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ ទទួលបានជោគជ័យ និងប្រសិទ្ធភាព។ អត្ថបទ រិទ្ធី, រូបភាព ប៊ុនហ័រ.ពិនិត្យដោយអ៊ុមញឹប។