បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករកកំពង់ធំ យោធភូមិភាគទី៤ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែកក្កដា និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែកក្កដា និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅស្ថិតក្រៅអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យ និងស្ថាប័នចំណុះ តាមការអញ្ជើញចូលរួមផងដែរ។
លោកអនុសេនីយ៍ឯក ចាន់ សុធី នាយរងការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយការណ៍អំពីសភាពការណ៍ទូទៅ លទ្ធផលការងារសំខាន់ៗដែលសម្រេចបាននៅក្នុងខែកក្កដា ឆ្នាំ២០២៦ និងបញ្ជាក់ជូនអង្គប្រជុំអំពីចំណុចខ្លាំង ចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួននៅក្នុងខែកន្លងទៅ ព្រមទាំងបានលើកឡើងនូវសេចក្តីព្រាងស្ដីពីទិសដៅសម្រាប់អនុវត្តបន្ត ដើម្បីដាក់ជូនអង្គប្រជុំពិភាក្សានិងបំពេញបន្ថែម ។
បន្ទាប់ពីសមាជិកអង្គប្រជុំបានឡើងធ្វើបទអន្តរាគមន៍ និងពិភាក្សាយ៉ាងផុលផុសរួចមក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យ និងស្ថាប័នចំណុះ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចដែលថ្នាក់លើបានប្រគល់ជូន ទទួលបានជោគជ័យគួរជាទីមោទនៈ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗមួយចំនួន នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ដែលយោធាថៃ នៅតែបន្តរំលោភបំពានលើសេចក្តីប្រកាសរួម នៃបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយបានបង្កហេតុជាបន្តបន្ទាប់ ដូចជាបានចល័តកម្លាំង ការរាយបន្លាលួស និងការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ តែកងយោធពលខេមរភូមិន្ទរបស់យើង បានខិតខំអត់ធ្មត់ និងគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការអនុវត្តយ៉ាងត្រឹមត្រូវតាមសេចក្តីប្រកាសរួមនៃបទឈប់បាញ់ដែលភាគីនៃប្រទេសទាំងពីរបានចុះហត្ថលេខារួចមកហើយ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្ត មានជាអាទិ៍ :
ទីមួយ កងកម្លាំងទាំងអស់ ត្រូវត្រៀមខ្លួនរួចជាស្រេច ក្នុងភារកិច្ចការពារបូរណភាពទឹកដី និងបន្តចូលរួមចំណែកជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញ ក្នុងការការពារ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាពនិងទទួលបានជោគជ័យ ព្រមទាំងត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហអន្តរាយផ្សេងៗ ។ ទីពីរ ត្រូវណែនាំដល់យោធិននៅក្រោមឱវាទគ្រប់រូប ត្រូវបង្កើតគណនីធនាគារផ្ទាល់ខ្លួនឲ្យបានរួចរាល់ចាប់ពីពេលនេះ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៧ ដើម្បីត្រៀមបើកប្រាក់បៀលវត្សន៍ប្រចាំខែតាមប្រព័ន្ធធនាគារជាបន្តបន្ទាប់។ និងទីបី ត្រូវបន្តចូលរួមសហការជាមួយអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធទាំងបី ក្នុងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ នឹងត្រូវបន្តធ្វើសកម្មភាពបម្រើ និងដោះស្រាយការលំបាកនានា តាមលទ្ធភាពដែលអាចធ្វើទៅបាន ជូនដល់បងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត ព្រមទាំងក្រុមគ្រួសារកងទ័ពដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី ដែលពួកគាត់កំពុងរស់នៅតាមមូលដ្ឋាននីមួយៗ ឲ្យបានល្អប្រសើរ ។








![]()
