ឯកឧត្តម អ៉ិន ចន្ថា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ
(កំពង់ធំ)÷ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ
នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។
លោក តាន់ វាសនា ប្រធានមន្ទីរភិវឌ្ឍន៍ខេត្តកំពង់ធំ បានលើកឡើងថា មន្ទីរបាននឹងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការស្ថាបនាផ្លូវជនបទ ដោយគិតគូរពីភាពធន់ នឹងការប្រែប្រួលអាកាសធាតុ រួមមានផ្លូវដីស ផ្លូវល្បាយក្រួស ផ្លូវកៅស៊ូពីរជាន់ និងផ្លូវក្រាលបេតុង ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ចំណេញពេលវេលា កាត់បន្ថយការចំណាយលើការដឹកជញ្ជូនសម្ភារ ឬផលិតផលផ្សេងៗទៅកាន់ទីផ្សារ និងងាយស្រួលក្នុងការទទួលបាននូវសេវាសាធារណៈ។ ដើម្បីរួមចំណែកបង្កើនកម្រិតជីវភាពរស់នៅ របស់ប្រជាជននៅតាមជនបទឱ្យកាន់តែរីកចម្រើន និងជួយឱ្យសុខុមាលភាពរបស់ពួកគាត់កាន់តែប្រសើរឡើងថែមទៀត ។ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ នឹងមានលទ្ធភាពច្រើនទៅតាមដំណាក់កាលនីមួយៗ នៃផែនការដែលបានគ្រោងទុក ដែលអាចធ្វើឱ្យតំបន់ជនបទប្រែមុខមាត់ថ្មី តាមរយៈគម្រោងអភិវឌ្ឍជាច្រើន រួមមាន ផ្លូវជនបទ ស្ពានលូដោះទឹក សំណង់សិល្បការ អណ្តូងទឹកស្អាត បង្គន់អនាម័យជាដើម។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់អង្គពិធីទាំងមូលផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ដើម្បីបន្តពន្លឿនកិច្ចអភិវឌ្ឍ និងជំរុញការអនុវត្តឱ្យកាន់តែស៊ីជំរៅរាជរដ្ឋាភិបាលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភាដោយផ្អែកលើបាវចនាចំនួន៥គឺ៖ (កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព) មានគោលដៅជាយុទ្ធសាស្ត្រចំនួន៥គឺ៖ ១-ធានាឱ្យបានកំណើនសេដ្ឋកិច្ចខ្ពស់ ២-បង្កើតការងារឱ្យបានកាន់តែច្រើន, ៣-សម្រេចឱ្យបាននូវគោលដៅ ៤-កាត់បន្ថយភាព ក្រីក្របន្តពង្រឹងសមត្ថភាពអភិបាលកិច្ចនិងលើកកម្ពស់គុណភាពស្ថាប័ន ៥-ការធានាឱ្យបាននូវចីរភាព នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ឯកឧត្តម បានបន្ថែមថា រាជរដ្ឋាភិបាលបានកំណត់យក វិស័យអាទិភាពគន្លឹះចំនួន៥រួមមាន(មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល)ក្នុងគោលដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូល កម្រិតខ្ពស់នៅឆ្នាំ២០៥០។ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ឱ្យកាន់តែរីកចម្រើនជាលំដាប់។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលអ៊ុមញឹប។












![]()
