រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ
(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីប្រកាសចូលកាន់មុខតំណែង លោក តាំង ម៉េងលាន ជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ជំនួសលោក ព្រឹម រដ្ឋា ត្រូវបានផ្ទេរភារកិច្ចថ្មី។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត គណៈប្រតិភូក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំខេត្តជាច្រើនរូប នៅសាលប្រជុំប្រាសាទសំបូរព្រៃគុក សាលាខេត្តកំពង់ធំ។
ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ សម្តែងនូវការសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក តាំង ម៉េងលាន ត្រូវបានតែងតាំងជាអភិបាលរងខេត្តកំពង់ធំ ដែលជាថ្នាក់ដឹកនាំប្រកបដោយសមត្ថភាព និងពោរពេញដោយបទពិសោធន៍ ចូលរួមចំណែកក្នុងការដឹកនាំ និងជំរុញការអភិវឌ្ឍខេត្តកំពង់ធំឱ្យកាន់តែឆាប់រហ័ស។ ឯកឧត្តម បន្តថា ជីវិតជាមន្ត្រីរាជការសាធារណៈ គឺជាជីវិតនៃការលះបង់ និងជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ។ ហើយការចូលកាន់តំណែងនាពេលនេះ មិនមែនគ្រាន់តែជាការទទួលបានតួនាទីថ្មីនោះទេ ប៉ុន្តែវាគឺជាការទទួលយកនូវទំនួលខុសត្រូវដ៏ធំធេងចំពោះមុខជាតិ និងមាតុភូមិ។ ហេតុនេះហើយ ក្នុងនាមជាមន្ត្រីសាធារណៈ យើងគួរគប្បីប្រកាន់ខ្ជាប់នូវសីលធម៌ និងវិជ្ជាជីវៈ ដោយរក្សាឱ្យបាននូវភាពស្អាតស្អំ ភាពត្រឹមត្រូវ និងតម្លាភាពក្នុងការបំពេញការងារដោយប្រកាន់យកឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនជាធំ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្តល់នូវអនុសាសន៍ដល់រដ្ឋបាលខេត្តកំពង់ធំ ត្រូវផ្តោតការយកចិត្តទុកដាក់លើការជំរុញ និងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋទាំងក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត និងក្នុងដំណើរការផ្តល់សេវាសាធារណៈ ពង្រឹង និងកែលម្អនូវយន្តការ និងនីតិវិធីនៃការទទួល និងការដោះស្រាយបណ្តឹងតវ៉ា និងសំណើសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងការអនុវត្តការងារគណនេយ្យភាពសង្គម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទទួល បានព័ត៌មានសំខាន់ៗ និងចាំបាច់នានាពាក់ព័ន្ធនឹងការបំពេញការងារ និងការផ្តល់សេវារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមតាមដាន ត្រួតពិនិត្យ និង វាយតម្លៃលើគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
លើសពីនេះទៀត ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញដល់រដ្ឋបាលខេត្ត ត្រូវខិតខំសម្របសម្រួល និងគាំទ្រដល់ការរៀបចំនូវរមណីយដ្ឋាន ទីតាំងទេសចរណ៍ និងរៀបចំក្រុង ស្រុកឱ្យមានសោភ័ណភាព មានភាពទាក់ទាញ បរិស្ថានអនាម័យស្អាត មានសណ្តាប់ធ្នាប់ ការប្រាស្រ័យទាក់ទងល្អ រួសរាយរាក់ទាក់ បង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមក្នុងមូលដ្ឋាន និងជំរុញលើកទឹកចិត្តឱ្យសហគមន៍មូលដ្ឋានចូលរួមឱ្យបានសកម្មលើការអភិវឌ្ឍទេសចរណ៍ នៅហ្នឹងកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងក្រៅប្រទេសឱ្យមកកម្សាន្តកាន់តែច្រើនឡើង សំដៅបង្កើនប្រាក់ចំណូលគ្រួសារ និងការកាត់បន្ថយភាពក្រីក្រ។ ម៉្យាងទៀត ត្រូវខិតខំទាក់ទាញការវិនិយោគ និងការបណ្តាក់ទុកប្រកបអាជីវកម្ម ពីប្រភពក្នុង និងក្រៅប្រទេស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសបង្កលក្ខណៈងាយស្រួល និងឆាប់រហ័សលើការចុះបញ្ជីគម្រោងវិនិយោគដែលមានទុនវិនិយោគ ក្រោម៥លានដុល្លារ ស្របតាមច្បាប់ និងគោលការណ៍ណែនាំជាធរមាន។
លោក តាំង ម៉េងលាន ដែលទើបចូលកាន់តំណែងថ្មី បានឡើងប្តេជ្ញាចិត្ត ខិតខំបំពេញតួនាទីភារកិច្ចដោយអនុលោមតាមច្បាប់ គោលការណ៍ណែនាំ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ អនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមការប្រគល់និងបែងចែកភារកិច្ចពីគណៈអភិបាលខេត្ត ព្រមទាំងយកអស់សមត្ថភាព និងបទពិសោធន៍ រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ អនុវត្តតាមគោលការណ៍ដឹកនាំលើគ្រប់វិស័យ ជាពិសេសការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅពង្រឹងសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ។ អត្ថបទដោយរដ្ឋបាលខេត្តកំពង់ធំ

















![]()
