អភិបាលស្រុកតាំងគោក ចូលរួមជាអធិបតីភាពក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតបាល់ទាត់ (ពានរង្វាន់មហាជនស្រុកតាំងគោក)
(កំពង់ធំ)៖ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ (ពានរង្វាន់មហាជនស្រុកតាំងគោក) ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ភាតរភាពរវាងអតីតសិស្សវិទ្យាល័យ ក៏ដូចជាបណ្ដាយុវជនដែលជាមិត្តភក្តិនឹងគ្នា ពង្រឹងនិងបង្កើនបទពិសោធន៍ ពង្រីកការយល់ដឹងពីច្បាប់ និងវិន័យនៃការប្រកួត ពិសេសគឺចូលរួមលើកស្ទួយវិស័យកីឡាផងដែរ។
ទីតាំងប្រកួតគឺនៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន តាំងគោក ខណៈពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់(ពានរង្វាន់មហាជនស្រុកតាំងគោក)នេះ ធ្វើឡើងនារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក។
លោក ឡុង គីណាល់ បានឱ្យដឹងថា ក្រុមយុវកីឡាករដែលចូលរួមក្នុងការប្រកួតជំរុះវិលជុំ(ពានរង្វាន់មហាជនស្រុកតាំងគោក)នេះ សរុបមានចំនួន៨ក្រុម ដែលក្នុងនោះមានកីឡាករសរុប២០០នាក់ ប្រតិភូដឹកនាំ-គ្រូបង្វឹក១២នាក់ និងក្រុមអាជ្ញាកណ្ដាល១០នាក់ ក្រុមទាំង៧នោះរួមមាន៖ ១-ក្រុមពង្ររួមមិត្ត ២-ក្រុមដំរីស្នេហ៍ច័ន្ទ ៣-ក្រុមអធិរាជសេះស ៤-ឃាត់ករចិត្តព្រាន ៥-ក្រុមយុវជនសូយោង ៦-ក្រុមតោរោមមាស ៧-ក្រុមហង្សភ្លើង
លោក ឡុង គីណាល់ អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកតាំងគោកប្រាប់ពីការប្រកួតបាល់ទាត់នេះដែរ មានរយៈពេល៦ខែ ចាប់ពីថ្ងៃ១៤ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ភាគច្រើនគឺប្រកួតនៅថ្ងៃសៅរ៍-អាទិត្យដែលសម្រាកពីការសិក្សានិងការងារ ក៏ដូចជាថ្ងៃឈប់សម្រាកពេលបុណ្យទានជាដើម។ ក្រុមដែលទទួលបានពាននៅវគ្គផ្តាច់ព្រ័តគឺលេខ១គឺ ក្រុមដំរីស្នេហ៍ច័ន្ទ លេខ២ ក្រុមឃាតករចិត្តព្រាន និងលេខ៣ ក្រុមពង្ររួមមិត្ត។
នាពិធីបិទព្រឹត្តិការណ៍ប្រកួតនោះ លោកអភិបាលស្រុក តាំងគោក ហាក់ ម៉ុងហួត បានឱ្យដឹងពីការផ្ដួចផ្ដើមដំបូង និងការគាំទ្រចំពោះការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពនេះ។ លោកថ្លែងថា ក្រៅពីចូលរួមលើកស្ទួយវិស័យកីឡានៅមូលដ្ឋាន ព្រឹត្តិការណ៍នេះក៏ជាឱកាសជួបជុំរវាងអតីតសិស្សវិទ្យាល័យ សិស្សវិទ្យាល័យ ក៏ដូចជាបណ្ដាយុវជនដែលជាមិត្តភក្តិនឹងគ្នាមកពីគ្រប់មជ្ឈដ្ឋាន ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងភាតរភាព ពង្រឹងនិងបង្កើនបទពិសោធន៍ ពង្រីកការយល់ដឹងពីច្បាប់និងវិន័យនៃការលេងកីឡាបាល់ទាត់។
លោកអភិបាលស្រុកតាំងគោក ក៏បានអំពាវនាវលើកទឹកចិត្តដល់សិស្សានុសិស្ស-យុវជននៅស្រុកតាំងគោក ក៏ដូចជានៅស្រុកភូមិដទៃ សូមចូលរួមលេងនិងលើកស្ទួយវិស័យកីឡាឱ្យបានសកម្មផុសផុល តាមរយៈកម្មវិធីសិក្សាក្ដី ការធ្វើលំហាត់ប្រាណក្ដី ឬក៏ការជួបជុំចូលរួមលេងក្នុងទីលានក្ដី ដើម្បីចៀសឆ្ងាយពីគ្រឿងញៀន ឬអំពើអបាយមុខផ្សេងៗ។ ការលេងកីឡា តួយ៉ាងដូចជាកីឡាបាល់ទាត់នេះ គឺនាំមកនូវសុខភាពរាយកាយនិងបញ្ញា បង្កើនស្មារតីសហការជាក្រុម បង្កើនបទពិសោធន៍ និងទំនាក់ទំនងល្អប្រកបដោយមិត្តភាព សាមគ្គីភាព ភាតរភាព (ភាពជាបងប្អូន)។ឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៦ខែ ដោយគិតចាប់ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃ១៦ខែឧសភា ឆ្នាំ២០២៦ និងដោយឈរលើស្មារតី ចេះអធ្យាស្រ័យគ្នា មានសាមគ្គីភាព មិត្តភាព ហើយប្រកាន់បានយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ច្បាប់បញ្ញតិ្ត បទបញ្ជាបច្ចេកទេសផងនោះ បានធ្វើឱ្យការប្រកួតបញ្ចប់ទៅដោយភាពជោគជ័យគួរជាទីមោទនៈ។
លោក ហាក់ ម៉ុងហួត ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះគណៈកម្មការរៀបចំ ដែលបានខិតខំរៀបចំប្រកួតកីឡាបាល់ទាត់ «ពានរង្វាន់មហាជនស្រុកតាំងគោក» នេះឡើង រហូតទាល់បិទបញ្ចប់វគ្គផ្តាច់ព្រ័តនេះលើទឹកដីស្រុកតាំងគោក ខណៈកន្លងទៅក៏មានការប្រកួតកម្រិតថ្នាក់ស្រុកជាច្រើនលើកមកហើយដែរ។ អត្ថបទ រដ្ឋបាលស្រុកតាំងគោក-ពិនិត្យដោយអ៊ុមញឹប។






















![]()
