លោក ស៊ុយ កុកធាន បង្ហាញពីលក្ខខណ្ឌម៉ាកសម្គាល់ភូមិសាស្ត្រទំនិញស្វាយចន្ទីកំពង់ធំ ដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម(Video inside)
(កំពង់ធំ)៖លោក ស៊ុយ កុកធាន ប្រធានសមាគមអ្នកដាំស្វាយចន្ទីកំពង់ធំបង្ហាញពីលក្ខខណ្ឌម៉ាកសម្គាល់ភូមិសាស្ត្រទំនិញស្វាយចន្ទីកំពង់ធំ ដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម ។
លោក ស៊ុយ កុកធាន បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មានប្រចាំខេត្តកំពង់ធំថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៦នេះថា៖
១. លក្ខខណ្ឌតំបន់ភូមិសាស្ត្រ និងបច្ចេកទេសដាំដុះដើម្បីទទួលបានម៉ាក GI ស្វាយចន្ទីត្រូវតែមានប្រភព និងលក្ខណៈពិសេសដែលខុសពីតំបន់ដទៃដែលទីតាំងដាំដុះត្រូវតែស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលមានលក្ខណៈដី និងអាកាសធាតុអំណោយផលដល់គុណភាពគ្រាប់ ចំពោះពូជស្របតាមស្តង់ដារ ការប្រើប្រាស់ពូជដែលកំណត់ដោយសមាគម (ភាគច្រើនគឺពូជ M23) ដែលផ្តល់ទិន្នផលខ្ពស់ និងគ្រាប់មានទំហំធំ និងការថែទាំតាមបែបធម្មជាតិ៖ កាត់បន្ថយការប្រើប្រាស់សារធាតុគីមីនិងអនុវត្តតាមគោលការណ៍កសិកម្មល្អ(GAP)ដើម្បីធានាសុវត្ថិភាពអ្នកប្រើប្រាស់។
២. គុណសម្បត្តិពិសេសរបស់ស្វាយចន្ទីកំពង់ធំ ស្វាយចន្ទីដែលជាប់ម៉ាក GI មានចំណុចខ្លាំង ៣ យ៉ាង៖
រសជាតិ៖ មានរសជាតិឈ្ងុយ ផ្អែម និងខ្ទិះជាងស្វាយចន្ទីតំបន់ផ្សេង។
ទំហំគ្រាប់៖ មានគ្រាប់ធំ ពេញសាច់ និងមានទម្ងន់ (Outturn) ខ្ពស់។
អនាម័យ៖ ដំណើរការកែច្នៃត្រូវធ្វើឡើងតាមស្តង់ដារបច្ចេកទេសដែលក្រសួងពាណិជ្ជកម្ម និងសមាគមត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់។
៣.អត្ថប្រយោជន៍នៃការទទួលបានម៉ាក GIការដែលក្រសួងពាណិជ្ជកម្មទទួលស្គាល់ម៉ាកសម្គាល់ភូមិសាស្ត្រនេះផ្តល់ផលចំណេញដល់កសិករ និងសេដ្ឋកិច្ចខេត្តដូចជាតម្លៃខ្ពស់៖ផលិតផលមានតម្លៃថ្លៃជាងផលិតផលទូទៅនៅលើទីផ្សារដោយសារមានការបញ្ជាក់ពីប្រភពច្បាស់លាស់។
លោកបញ្ជាក់ទៀតថាការប្រកួតប្រជែងលើទីផ្សារអន្តរជាតិងាយស្រួលក្នុងការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ជប៉ុន និងកូរ៉េ ដែលគេផ្តល់តម្លៃខ្ពស់លើទំនិញ GI និងការការពារកម្មសិទ្ធិបញ្ញា បង្ការការក្លែងបន្លំឈ្មោះ “ស្វាយចន្ទីកំពង់ធំ” ពីសំណាក់តំបន់ ឬប្រទេសដទៃ។









![]()
