បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខប្រចាំខែមេសា និងដាក់ចេញនៅទិសដៅសម្រាប់អនុវត្តបន្ត
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែមេសា និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងអង្គភាពការិយាល័យ ស្ថាប័នពាក់ព័ន្ធ ចូលរួមយ៉ាងច្រើនកុះករ ។
លោកអនុសេនីយ៍ ឯក ចាន់ សុធី នាយរងការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយការណ៍ ស្ដីពីលទ្ធផលការងារយោធាសន្តិសុខ ដែលអង្គភាពសម្រេចបានក្នុងខែមេសា ឆ្នាំ២០២៦ ដោយបានលើកឡើងនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈមមួយចំនួន និងសេចក្តីព្រាងស្ដីពីទិសដៅ សម្រាប់អនុវត្តបន្ត ដើម្បីដាក់ជូនអង្គប្រជុំពិភាក្សា និងបំពេញបន្ថែម ។
បន្ទាប់មក អង្គប្រជុំបានឡើងធ្វើបទអន្តរាគមន៍ និងធ្វើការពិភាក្សាយ៉ាងម៉ត់ចត់ លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែ និងទិសដៅដែលត្រូវអនុវត្តបន្ត និងដោយបានលើកឡើងនៅបណ្ដាសំណូមពរមួយចំនួន ដាក់ជូនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការដោះស្រាយផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញតួនាទីភារកិច្ច សម្រេចបានជោគជ័យតាមផែនការ និងបទបញ្ជាដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានប្រគល់ជូន ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗមួយចំនួន ដែលកើតមានឡើងនៅមជ្ឈិមបូព៌ា និងសភាពការណ៍វិវត្តថ្មីៗ នៅតាមព្រំដែនកម្ពុជា ថៃ ។ ជាមួយនោះដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានបញ្ជាក់ជូនអំពីការអនុម័តរបស់គណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្ត៍នូវច្បាប់កាតព្វកិច្ចយោធា ហើយបានបញ្ជូនទៅរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីពិនិត្យនិងអនុម័តជាការប្រញាប់ផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្តមានជាអាទិ៖ ទី១ ត្រូវត្រៀមបម្រុងកម្លាំង គ្រឿងបំពាក់ សម្ភារៈ និងមធ្យោបាយគ្រប់គ្រាន់ អនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោពលខេមរភូមិន្ទ ។
ទី២ ត្រូវចូលរួមយ៉ាងសកម្ម ក្នុងការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ ។ ពិសេសក្នុងរដូវប្រាំងនេះ ការពារឲ្យបាន មិនឲ្យមានការលួចកាប់បន្ទានព្រៃឈើរបស់រដ្ឋយកមកធ្វើជាកម្មសិទ្ធិ ហើយនឹងត្រូវយកចិត្តទុកដាក់ការពារឲ្យបានតំបន់អភិរក្សពូជត្រីនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងនៅឃុំពាមបាង ស្រុកស្ទោង ឲ្យបានជាដាច់ខាត។ និងទី ៣ ត្រូវចូលរួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងបី ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឱ្យទទួលបានជោគជ័យ។
ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្ដេជ្ញាចិត្ត ដាច់ខាតគោរពប្រតិបត្តិយ៉ាងមុឺងម៉ាត់ តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ។អត្ថបទតំបន់ប្រតិបត្តិការសឹករង-ពិនិត្យដោយអ៊ុមញឹប។






![]()
