លោកអភិបាលរងស្រុកស្ទោង បានលើកឡើងថា÷ ការជួយគ្នាក្នុងគ្រាមានអាសន្ន គឺជារឿងដែលសំខាន់បំផុតនិងមានតម្លៃមិនអាចកាត់ថ្លៃបាន
(កំពង់ធំ)÷ លោក សួគ៌ ប៊ុនធងអភិបាលរងស្រុកស្ទោង អនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោងបានលើកឡើងដូច្នេះនៅក្នុងឱកាសដែលលោក និងសហការី អញ្ជើញចូលរួមរំលែកមរណៈទុក្ខ ជាមួយគ្រួសារនៃសពលោក ឈាវ បូរិន្ទ ជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាឃុំប្រឡាយ ដែលបានទទួលមរណៈភាពកាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។
ក្នុងឱកាសនោះដែរក្នុងនាមជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង និងសមាជិកទាំងអស់ក្នុងស្រុកស្ទោង លោក សួគ៌ ប៊ុនធង បានសំដែងនូវសមានចិត្តដ៏ក្រៀមក្រំបំផុតចំពោះគ្រួសារនៃសពដែលបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ មិនអាចវិលជួបជុំគ្នាបានទៀតឡើយ។
បន្ថែមពីនេះ លោកក៏បានកោតសរសើរយ៉ាងក្រៃលែងចំពោះលោកឈាវ បូរិន្ទដែលជាយុវជនមួយរូបប្រកបដោយឧត្តមគតិស្នេហាជាតិ និងមានការលះបង់កម្លាំងញើសឈាម និងចំណាយពេលវេលាជាច្រើនក្នុងសកម្មភាពមនុស្សធម៌តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជាកន្លងមក គួរឱ្យកោតសរសើរ។
គួរបញ្ជាក់ផងដែរថាលោក និងសហការីបាននាំយកនូវថវិកាចំនួន៣០០,០០០រៀល និងអង្ករ៥០គីឡូក្រាម ដើម្បីចូលរួមរំលែកមរណៈទុក្ខជាមួយគ្រួសារនៃសពលោកឈាវ បូរិន្ទ ដែលក្នុងនោះក៏មានការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជាឃុំកំពង់ចិនត្បូង និងឃុំប្រឡាយ ឃុំកំពង់ចិនជើង និងឃុំចំណាលើផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។