ឯកឧត្តម វង្សី វិស្សុត អញ្ជើញចុះពិនិត្យអំពីខ្សែច្រវាក់ ផលិតកម្ម រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី MIRARTH Agri Tech របស់ជប៉ុន នៅស្រុកកំពង់ស្វាយ
(កំពង់ធំ)÷ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អមដំណើរដោយឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យអំពីខ្សែច្រវាក់ ផលិតកម្ម រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី MIRARTH Agri Tech របស់ជប៉ុន ដែលមានទីតាំងនៅភូមិត្រពាំងអារ័ក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។
នៅក្នុងដំណើរការទស្សនកិច្ចនោះដែរ លោកប្រធានគ្រប់គ្រងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី MIRARTH Agri Tech បានរៀបរាប់អំពីដំណើរការនៃការកែច្នៃគ្រាប់ស្វាយចន្ទី ពីរដំណាក់កាលមួយទៅដំណាក់កាលមួយ ជាពិសេសក្រុមហ៊ុនបានយកចិត្តទុកដាក់ទៅលើគុណភាពចំណីអាហារជាចម្បង ព្រមទាំងបានប្ដេជ្ញាចិត្តធ្វើការផលិតឱ្យបាន ៣តោនក្នុងមួយថ្ងៃ ដើម្បីធានាក្នុងការនាំចេញឲ្យបាន ១,៥០០តោន ក្នុងមួយឆ្នាំ នាឆ្នាំ២០២៥នេះ សម្រាប់ផ្គត់ផ្គង់ដល់ដៃគូរ សហការជាមួយ ប្រទេសជប៉ុន បានចំនួន៧០តោន និងលក់ក្នុងស្រុកខ្មែរ បានចំនួន៣០តោន ធ្វើការចរចាចំនួន៤ ក្រុមហ៊ុន ដែលកំពុងធ្វើមាន(កាណាដា កូរ៉េ ជប៉ុន ថៃ)ផងដែរ។ បច្ចុប្បន្នសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរធ្វើតែ ប្រភេទគ្រាប់M23 តែប៉ុណ្ណោះ ហើយក្នុង ប្រភេទM23 នេះ មានចំនួន១៥ប្រភេទផ្សេងៗគ្នា។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។