រដ្ឋបាលខេត្តកំពង់ធំសហការជាមួយក្រសួងទេសចរណ៍ រៀបចំកិច្ចប្រជុំលើកទី២ ស្តីពីព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គនៅប្រាសាទសំបូរព្រៃគុក
(កំពង់ធំ) ÷ ក្រសួងទេសចរណ៍និងរដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំពិភាក្សាលម្អិតលើកទីពីរស្តីពីព្រឹត្តិការណ៍ជិះកង់និងរត់ឆ្លងឧបសគ្គនៅប្រាសាទសំបូរព្រៃគុកជាមួយមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្តនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តកំពង់ធំ។
ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថាយើងប្រជុំគ្នាថ្ងៃនេះក្នុងគោលបំណងដើម្បីឲ្យប្រាកដថាមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងបីបានសហការជាមួយគ្នា នឹងមានផែនការរួចរាល់សំរាប់ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ពិសេសមន្ទីរទេសចរណ៍ខេត្ត មន្ទីរវប្បធម៌ខេត្ត និងអាជ្ញាធរសំបូរព្រៃគុក។
ឯកឧត្តមបន្តទៀតថាយើងនឹងមានកិច្ចប្រជុំពិភាក្សាលើកទី៣នៅថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៥ ដើម្បីផ្ទៀងផ្ទាត់និងវាយតម្លៃលើផែនការលម្អិតចុងក្រោយសំរាប់ភារកិច្ចនិងការទទួលខុសត្រូវរបស់ជំនាញ អាជ្ញាធរទាំងអស់ដើម្បីធ្វើឱ្យប្រាកដថាព្រឹត្តិការណ៍នេះនឹងដំណើរការដោយរលូន។
ឯកឧត្តម ហាន កុសល អភិបាលរង ខេត្តបានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គនេះ ក្នុងគោលបំណងដើម្បីបង្ហាញពីការរួបរួមសាមគ្គីគ្នាជាប្រជាជាតិតែមួយ ព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមឲ្យបានច្រើនកុះករ ដើម្បីជាតិមាតុភូមិ ដើម្បីសុខភាពព្រមទាំងលើកទឹកចិត្តដល់វីរកងទ័ពនៅសមរភូមិមុខក្នុងការការពារដែនអធិបតេយ្យភាពកម្ពុជា ។
ឯកឧត្តម វ៉ាហេង ដាវុធ សង្ឃឹមថាមហាព្រឹត្តិការណ៍នេះនឹងទទួលបានការគាំទ្រពីគ្រប់ទិសទីទាំងអស់ ពិសេសប្រព័ន្ធផ្សព្វផ្សាយដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើតឲ្យមានភាពទាក់ទាញល្បីល្បាញ និងកំណើនទេសចរណ៍ ក៏ដូចជាជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថាព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គ មានឈ្មោះថា ” ផ្លូវឆ្ពោះទៅរាជធានីឥសានបុរៈចេនឡាមុនសម័យអង្គរ ” ប្រព្រឹត្តទៅនៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៦ ខាងមុខនេះដែលមានអ្នកចូលរួមរាប់ពាន់នាក់ ដោយធ្វើដំណើរពីស្ពានចាស់ក្នុង ទីរួមខេត្តកំពង់ធំឆ្ពោះទៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។អត្ថបទសោម ពិសី.ពិនិត្យអ៊ុមញឹប។










![]()
