វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៥.៩៤១បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ចំនួន ០៤ភូមិ ក្នុងស្រុកបារាយណ៍
(កំពង់ធំ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅក្នុងបរិវេណវត្តត្រពាំងជ្រៃ មានចំនួន០៤ភូមិគឺ ភូមិត្រពាំងជ្រៃ ភូមិតាភោគ ភូមិព្រៃស្រង៉ែ និងភូមិបល្ល័ង្ក ស្ថិតនៅឃុំបល្ល័ង្ក ស្រុកបារាយណ៍ ដែលមានបណ្ណសរុបចំនួន ៥.៩៤១បណ្ណ ស្មើនឹង ១.៩២៧គ្រួសារ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានសំដែងការអបអរសាទរ និងកោតសរសើរចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងក្រុមការងារចុះបញ្ជីដីធ្លីដែល បានសម្រេចលទ្ធផលជាបន្តបន្ទាប់ ក្នុងការអនុវត្តនីតិវិធីនៃការចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី អ្នកកាន់កាប់ដី និងស្ថាប័នរដ្ឋ និងបានរៀបចំពិធីប្រគល់ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ជូនប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ ដែលបានអនុវត្តតាមនីតិវិធីចប់សព្វគ្រប់នៅថ្ងៃនេះ ។
ឯកឧត្តម អភិបាលខេត្ត បន្ថែមទៀតថា សមិទ្ធផលដែលបានរួមចំណែកយ៉ាងធំធេងដល់ការអនុវត្ត និងការអភិវឌ្ឍគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យ លទ្ធផលដែលសម្រេចបាននេះ ជាការរួមចំណែក ការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដែលធ្វើឱ្យទំនាស់ដីធ្លីមានការថយចុះ ។ លើសពីនេះលទ្ធផលនៃការចុះបញ្ជីដីបានពង្រឹងនូវទីផ្សារដីធ្លី ពិសេសការចូលរួមចំណែកបង្កើនចំណូល ថវិការដ្ឋតាមរយៈពន្ធប្រថាប់ត្រា និងការប្រមូលពន្ធ ប្រចាំឆ្នាំលើអចលនទ្រព្យផងដែរ ។
ជាមួយគ្នានោះដែរ ឯកឧត្តម ហួត ហាក់ បានសំណូមពរដល់អាជ្ញាធរដែនដីត្រូវចូលរួមជំរុញការចុះបញ្ជីដីធ្លី ឲ្យបានឆាប់ និងគ្រប់ភូមិ/ឃុំ តាមរយៈការជូនដំណឹងដល់បងប្អូនជាម្ចាស់ដី សហការចុះកំណត់ព្រំដីផ្លូវ ត្រពាំង ប្រឡាយទឹក ឲ្យបានច្បាស់លាស់ និងជួយសម្របសម្រួលដោះស្រាយវិវាទព្រំ ឬការដណ្តើមសិទ្ធលើក្បាលដី ការសម្រួលឯកសាររណប មានដូចជាអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ លិខិតអំណោយ ការបញ្ជាក់ភាពនៅលីវ លែងលះជាដើម ជូនដល់ប្រជាពលរដ្ឋ ព្រោះការចុះបញ្ជីដីធ្លីនាំឲ្យមានការកំណត់ច្បាស់លាស់ រវាងដីរដ្ឋ និងដីឯកជន ការកំណត់ព្រំ និងសិទ្ធលើក្បាលដី ការរៀបចំដែនដី បរិយាកាសគ្មានវិវាទ ដើម្បីចូលរួមចំណែកកាត់បន្ថយទំនាស់ និងកាត់បន្ថយភាពក្រីក្រ ព្រោះបើដីមានប្លង់កម្មសិទ្ធិគឺមានការពារដោយច្បាប់ ធានាដោយរដ្ឋ ហើយប្រជាពលរដ្ឋអាចយកប្លង់ទៅប្រើប្រាស់ ទាញយកប្រយោជន៍ដើម្បីលើកស្ទួយជីវភាពគ្រួសាររបស់គាត់ និងសំណូមពរដល់មន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បន្តខិតខំធ្វើយ៉ាងណាវាស់វែង ឲ្យបានចប់សព្វគ្រប់ទូទាំងខេត្តតាមផែនការរបស់ក្រសួង ក្នុងបំណាច់ឆ្នាំ២០២៥ ខាងមុខនេះ ។ អត្ថបទដោយ រដ្ឋបាលខេត្តកំពង់ធំ