ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ ជំរុញឱ្យមេឃុំ ចៅសង្កាត់ ពង្រឹងប្រសិទ្ធភាពការងារ និងអភិបាលកិច្ចឱ្យបានល្អ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋាន
(កំពង់ធំ)៖ លោក គៀង សេងគី អនុប្រធានអចិន្ត្រៃយ៍សម្ព័ន្ធភាពជាតិ និងជាប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ បានជំរុញឱ្យមេឃុំ ចៅសង្កាត់ ពង្រឹងប្រសិទ្ធភាពការងារ និងអភិបាលកិច្ចឱ្យបានល្អ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំសាខាសមាគមក្រុមប្រឹក្សាក្រុងស្ទឹងសែន នៅសាលប្រជុំសាលាក្រុងស្ទឹងសែន (អគារA) ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ចើញចូលរួមពី លោក ហុក រិន ប្រធានសាខាសមាគមក្រុមប្រឹក្សាក្រុងស្ទឹងសែន លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រីចៅសង្កាត់ និងសជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ក្នុងក្រុងស្ទឹងសែន ជាច្រើនអ្នកផងដែរ។
ជាមួយគ្នានោះ លោក គៀង សេងគី បានលើកឡើងថាមេឃុំ ចៅសង្កាត់ទាំងអស់ ត្រូវតែពង្រឹងប្រសិទ្ធភាពការងារ និងអភិបាលកិច្ចឱ្យបានល្អ ដើម្បីធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបម្រើសេវាដ៏ល្អប្រសើរជូនប្រជាពលរដ្ឋ ប្រកបដោយការពេញចិត្ត បរិយាបន្ន សមធម៌ និងចូលរួមក្នុងអភិវឌ្ឍកម្មវិធីជាតិ គឺសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ ជឿជាក់ និងទុកចិត្តលើរាជរដ្ឋាភិបាល និងរដ្ឋបាលមូលដ្ឋាន ក្នុងការបម្រើផលប្រយោជន៍ជូនពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។
លោកក៏បានបន្តថា ដើម្បីឆ្លើយតបទៅនឹងត្រូវការចាំបាច់ ក្នុងការកសាងសមត្ថភាព លើបច្ចេកទេស និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវតែសិក្សាស្វែងយល់បន្ថែមទៀត តាមរយៈការកសាងផែនការ លើកយកនូវបញ្ហាប្រឈម និងដំណោះស្រាយ សម្រាប់ជាទិសដៅក្នុងការពង្រឹងប្រសិទ្ធភាពការងារ ការទទួលយកមុខងារ ធនធានដែលរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់កណ្តាលផ្ទេរទៅឱ្យ។ ហើយត្រូវយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ ដោយដោះស្រាយរាល់បញ្ហាប្រឈមរបស់ពួកគាត់ ចៀសវាងការប្រកាន់បក្សពួក គ្រួសារនិយម និងការប្រព្រឹត្តអំពើពុករលួយជាដើម។ ជាពិសេស គឺសមាគមត្រូវធ្វើបច្ចុប្បន្នភាព សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ ដើម្បីធានាក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និិងការទទួលខុសត្រូវ។
បន្ទាប់មក លោក គៀង សេងគី ក៏បានលើកទឹកចិត្តដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុង ឃុំ សង្កាត់ ត្រូវតែពង្រឹកសមត្ថភាពរបស់ខ្លួនតាមរយៈការបណ្តុះបណ្តាល ការសិក្សាស្វែងយល់តាមរយៈឯកសារកម្មវិធីជាតិ ការអនុវឌ្ឍតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីស្វែងរកនៅបញ្ហាប្រឈម និងដំណោះស្រាយ ក្នុងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ហើយក៏ជាការឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន។
សូមបញ្ចាក់ថា នៅក្នុងកិច្ចប្រជុំនោះ ក៏បានពិភាក្សាលើ កម្រងសំណួរដើម្បីស្វែងយល់ពីសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងការធ្វើបច្ចុប្បន្នភាពរបស់សមាជិកក្រុមប្រឹក្សាក្រុង ស្រុង ឃុំ សង្កាត់ ផងដែរ។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយអ៊ុមញឹប

















![]()
