ឯកឧត្តម នួន ផារ័ត្ន និងឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា « ការត្រៀមខ្លនសម្រាប់ឱកាសការងារអាជីវកម្មថ្មី»
(កំពង់ធំ)÷ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំនិង ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា « ការត្រៀមខ្លនសម្រាប់ឱកាសការងារអាជីវកម្មថ្មី»។ សិក្ខាសាលានេះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ម្ចាស់អាជីវកម្មក្នុងខេត្តកំពង់ធំ និងសិស្សនិស្សិត ប្រមាណ ២៥០នាក់។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះការខិតខំប្រឹងប្រែង របស់ឯកឧត្តមបណ្ឌិតអគ្គនាយក និងក្រុមការងារដែលបានរៀបចំសិក្ខាសាលាស្តីពី ការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី ដ៏មានសារៈសំខាន់ នៅក្នុងខេត្តកំពង់ធំ នាពេលនេះ។
ឯកឧត្តមបានបន្តថា សហគ្រិនវ័យក្មេង គឺជាកម្លាំងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចឱ្យមានភាពរីកចម្រើន ធនធានថ្មី និងច្នៃប្រឌិតសម្រាប់ពេលអនាគត។ ជាពិសេសទទួលបានយុទ្ធសាស្ត្រ ក្នុងការធ្វើអាជីវកម្មស្របតាមបរិការណ៍ នៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល ដែលជំរុញឱ្យការប្រកប មុខរបរ ឬអាជីវកម្មលើគ្រប់វិស័យរបស់រដ្ឋបាលខេត្តកំពង់ធំ ឱ្យកាន់តែមានវឌ្ឍនភាពសម្បូរបែបគួរជាទីពេញចិត្តរបស់បងប្អូនប្រជាពលរដ្ឋបន្ថែមទៀត។ រដ្ឋបាលខេត្ត បានខិតខំប្រែក្លាយទឹកដីខេត្តកំពង់ធំនេះ ឱ្យក្លាយជាទីមនោរម្យ សម្រាប់គោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមជឿនលឿន ជូនបងប្អូនប្រជាពលរដ្ឋ សំដៅឆ្ពោះទៅសម្រេចឱ្យបាននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលដឹកនាំដោយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងថា សហគ្រិនមិន ត្រឹមតែកសាងធុរកិច្ចរទេ ប៉ុន្តែថែមទាំង កំពុងតែចូលរួមកសាងប្រទេសជាតិ ក្នុងកម្មពិធីយុវជនគណបក្ស ថ្នាក់កណ្តាល ផ្នែកសហគ្រិនវ័យក្មេង ដែលរៀបចំសិក្ខាសាលាស្តីពី ការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មីក្នុងពេលនេះ ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់សមាគមសហគ្រិនវ័យក្មេង ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការរៀចំកម្មវិធីនេះឡើង ដើម្បីផ្តល់ជាវេទិកាសម្រាប់កិច្ចពិភាក្សាក្នុងការត្រៀមខ្លួនសម្រាប់អាជីវកម្មថ្មី ចំពេលដែលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជាខ្ពស់ និងសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ និងបានបង្ហាញឱ្យឃើញអំពីសារៈសំខាន់ នៃវិស័យសហគ្រិនភាព ដែលដើរតួជាកម្លាំងចលករមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការអភិវឌ្ឍន៍ផ្នែកសង្គមសេដ្ឋកិច្ច ការបង្កើតឱកាសការងារថ្មី។
ឯកឧត្តមបណ្ឌិត បានបន្ថែមថា នៅពេលយើង និយាយអំពីពាក្យ វិនិយោគ មនុស្សភាគច្រើន នឹកឃើញភ្លាមអំពីលុយ ដូចជាប្រាក់ចំណេញមូលធន ឬផលចំណេញហិរញ្ញវត្ថុ ។ ប៉ុន្តែសម្រាប់ពាក្យ វិនិយោគ សម្រាប់អនាគត មានអត្ថន័យធំធេងជាងនេះខ្លាំងណាស់ ពោលគឺអត្ថន័យនៃពាក្យ វិនិយោគ សម្រាប់អនាគត រួមបញ្ចូលទាំង ថាមពល ជំនាញ គុណតម្លៃ និងចក្ខុវិស័យ ដែលសំដៅការរួមគ្នាកសាងប្រទេសជាតិ ឱ្យកាន់តែមានបរិយាប័ន្ន មានចីរភាព មានភាពប្រកួតប្រជែង និងមានភាពធន់នឹងការកត្តាខាងក្រៅជាដើម។
ចុងក្រោយឯកឧត្តមបណ្ឌិត ប្រតិភូរាជរដ្ឋាភិបាល បានបង្ហាញនូវការគាំទ្រដល់ ការវិនិយោគសម្រាប់អនាគត តាមរយៈការផ្តល់ហិរញ្ញប្បទានសមស្របដល់សហគ្រិនវ័យក្មេង ដែលមានម៉ូឌែលអាជីវកម្ម ប្រកបដោយបរិយាប័ន្ន ការផ្តល់ហិរញ្ញប្បទានកសិកម្មឆ្លាតវៃ និងការកសាងភាពជាដៃគូ ជាមួយក្រសួង ស្ថាប័នជាតិ អន្តរជាតិ វិនិយោគិន និងភ្នាក់ងារអភិវឌ្ឍន៍ ព្រមទាំងផ្តល់នូវពាក្យមួយឃ្លាថា សហគ្រិនមិន ត្រឹមតែកសាងធុរកិច្ចរទេ ប៉ុន្តែថែមទាំង កំពុងតែចូលរួមកសាងប្រទេសជាតិ៕ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយអ៊ិមញឹប។