រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៦
(កំពង់ធំ)៖ ឯកឧត្តម លី វេត អភិបាលរងខេត្តកំពង់ធំ នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលរបាយការណ៍របស់រដ្ឋបាលខេត្តប្រចាំខែមិថុនា ឆ្នាំ២០២៦ ដើម្បីពិនិត្យខ្លឹមសារ កែសម្រួល និងបំពេញបន្ថែមព័ត៌មានឱ្យមានភាពគ្រប់ជ្រុងជ្រោយ មុនដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងអនុម័ត។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងកងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងការិយាល័យពាក់ព័ន្ធ ដែលបានរួមគ្នាពិនិត្យ និងផ្តល់យោបល់លើខ្លឹមសាររបាយការណ៍ ដើម្បីធានាភាពត្រឹមត្រូវ និងភាពសុក្រឹតនៃទិន្នន័យ។
ក្នុងឱកាសនេះដែរ ឯកឧត្តម លី វេត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់មន្ទីរ អង្គភាព និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានពិនិត្យ កែសម្រួល និងផ្តល់យោបល់លើចំណុចខ្វះខាតនានា ដើម្បីលើកកម្ពស់គុណភាពរបាយការណ៍ឱ្យកាន់តែមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។
ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធទាំងអស់ បន្តអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆន្ទៈ មនសិការ និងក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីរាជការ ដោយយកចិត្តទុកដាក់បំពេញការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមទាំងពង្រឹងកិច្ចសហការជាមួយគ្នា ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យសម្រេចបានលទ្ធផលល្អ និងរួមចំណែកជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនប្រកបដោយចីរភាពលើគ្រប់វិស័យ៕ អត្ថបទ ចន្ថា បុណ្យឫទ្ធិ-ពិនិត្យដោយអ៊ុមញឹប។







![]()
