ក្រុមវេជ្ជបណ្ឌិតមកពីសហរដ្ឋអាមេរិកធ្វើការចុះពិនិត្យ ព្យាបាលជូនបងប្អូនប្រជាពលរដ្ឋ នៅស្រុកតាំងគោក ដោយឥតគិតថ្លៃ
(កំពង់ធំ)៖ ដើម្បីចូលរួមលើកកម្ពស់ និងគាំទ្រលើវិស័យសុខាភិបាលនៅកម្ពុជា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ក្រុមវេជ្ជបណ្ឌិតមកពីសហរដ្ឋអាមេរិករបស់អង្គការ Medical Mission Outreach តាមរយ:លោក ហ្វីលីព កាស្រ្តូ ជាប្រធានអង្គការ ប៊ីលេគ អភិវឌ្ឍន៍សហគមន៍អន្តរជាតិ សហការជាមួយការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិបារាយណ៍-សន្ទុក ធ្វើការចុះពិនិត្យ ព្យាបាលជូនបងប្អូនប្រជាពលរដ្ឋ នៅស្រុកតាំងគោក ខេត្តកំពង់ធំដោយពុំគិតថ្លៃ។
សកម្មភាពរបស់ក្រុមវេជ្ជបណ្ឌិត បានធ្វើការពិនិត្យនិងព្យាបាល ជាច្រើនប្រទេសមកហើយ លើកនេះដោយមានកិច្ចសហការបានល្អរបស់លោក ហ្វីលីព កាស្រ្តូ លោកបានអញ្ជើញក្រុមវេជ្ជបណ្ឌិត មកពិនិត្យ និងព្យាបាល ជូនបងប្អូននៅប្រទេសកម្ពុជា។ លោកក៏មានការចាប់អារម្មណ៏ស្រុកតាំងគោក និងបានសន្យាអញ្ជើញក្រុមគ្រូពេទ្យដែលជាមិត្តភក្តិបរទេសរបស់គាត់ ចំនួន២ក្រុមផ្សេងទៀត មកពិនិត្យព្យាបាល នៅកំឡុងពាក់កណ្តាលខែមករា ឆ្នាំ២០២៦។
នៅក្នុងពិធីនេះ ដែលលោក ហាក់ ម៉ុងហួត អភិបាលស្រុក ក៏ថ្លែងអំណរគុណដល់លោក ហ្វីលីព កាស្រ្តូ លោកតែងតែគៀងគរ សប្បុរសជនចូលរួមអភិវឌ្ឍ ជាមួយអាជ្ញាធរស្រុក ជាពិសេសលោកបានគៀងគរ មិត្តភក្តិបរទេសរបស់លោកដែលជាក្រុមគ្រូពេទ្យមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅពេលនេះ សកម្មភាពទាំងនេះជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត។
លោកអភិបាលស្រុកទាំងគោក ក៏បានសំណូមពរ ឱ្យប្រជាពលរដ្ឋ ទៅរកសេវាសុខភាព នៅមណ្ឌលសុខភាព ដែលក្បែរផ្ទះ ព្រោះវាអាចកាត់បន្ថយនូវការចំណាយលើសេវាឯកជន ម្យ៉ាងទៀតតាមមណ្ឌលសុខភាព មានសម្ភារ:គ្រប់គ្រាន់ មានថ្នាំល្អៗ និងក្រុមគ្រូពេទ្យមានវិជ្ជាជីវៈត្រឹមត្រូវ។ លោកក៏បានផ្តាំផ្ញើរឱ្យប្រជាពលរដ្ឋត្រូវចេះថែរក្សាសុខភាព ពិសេសចេះអនាម័យខ្លួនប្រាណ ហូបទឹកស្អាត។
សូមបញ្ជាក់ថា ការពិនិត្យ និងព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនេះ គឺធ្វើឡើងរយៈពេល១ថ្ងៃពេញ គឺចាប់ពីម៉ោង៨:០០នាទីព្រឹក រហូតដល់ម៉ោង៥:០០ល្ងាច ដោយក្រុមគ្រូពេទ្យអាមេរិកចំនួន៦០នាក់ ពេទ្យឯកទេសចំនួន៣០នាក់។ ការរាយការណ៍ ពីការពិនិត្យនិងព្យាបាលជំងឺប្រជាពលរដ្ឋ សរុបបាន៤៣៣នាក់ ជំងឺទូទៅ២៥៤ នាក់ ជំងឺភ្នែកចំនួន១៥៤នាក់ ជំងឺមាត់ធ្មេញ២៥នាក់ផងដែរ៕
អត្ថបទរដ្ឋបាលស្រុកតាំងគោក-ពិនិត្យដោយអ៊ុមញឹប។










![]()
