ឯកឧត្តម អ៊ុំ សុថា បានអញ្ជើញ ជាអធិបតីភាពក្នុងពិធីផ្ទេរនិងតែងតាំងមុខតំណែង អគ្គនាយករដ្ឋាករទឹកស្ទោង តាំងក្រសាំង
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៤ ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសហការី បានអញ្ជើញ ជាអធិបតីភាពក្នុងពិធីផ្ទេរនិងតែងតាំងមុខតំណែង អគ្គនាយករដ្ឋាករទឹកស្ទោង តាំងក្រសាំង នៅសាលាស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងនៅក្នុងពិធីនេះឯកឧត្តម អ៊ុំ សុថា បាន ណែនាំដល់ លោកស្រី ឡេង សុភា ដែលជាអគ្គនាយកថ្មីត្រូវមានគណនេយ្យភាព ជាមួយអាណាព្យាបាល ដែលមានក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេដ្ឋកិច្ចនិងហិរញ្ញ ផែនការមេនិងគំនិតអភិវឌ្ឍន៍ថ្មីៗ ក្នុងការបង្កើននិងពង្រីកតំណថ្មីៗបន្ថែមទៀត រោងចក្រផលិតកម្មថ្មី ក៏ដូចជាការផ្គត់ផ្គង់ទឹកស្អាតឱ្យបានគ្រប់គ្រាន់ដល់អ្នកប្រើប្រាស់ប្រកបដោយគុណភាព ដល់គ្រប់ក្រុមគ្រួសារនិងខ្នងផ្ទះ។
ជាមួយគ្នានេះឯកឧត្តមរដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបន្ថែមទៀតថា ប្រតិបត្តិករទឹកស្អាតឯកជន គឺជាការផ្ទេរសិទ្ធិជូនឯកជនក្នុងការ រួមចំណែកអភិវឌ្ឍន៍និងជាដៃគូផ្តល់សេវាផ្គត់ផ្គងទឹកស្អាតជូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ ឱ្យបានគ្រប់គ្រាន់ជាពិសេសនៅតាមជនបទនិងប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមនឹងនេះឯកឧត្តម បានកោតសរសើរខ្ពស់ និងថ្លែងអំណរគុណជាអនេកដល់ក្រសួង មន្ទីរ ដៃគូអភិវឌ្ឍន៍ អាជ្ញាធរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដែលបានជួយសម្របសម្រួល និងបានសហការគ្នាក្នុងការធ្វើឱ្យរដ្ឋាករទឹកស្វយ័តផលិតទឹកក៏ដូចជាតបណ្តាញនិងសេវាផ្សេងៗជូនអ្នកប្រើប្រាស់ប្រកបដោយទំនុកចិត្តខ្ពស់។
ជាចុងបញ្ចប់ឯកឧត្តម អ៊ុំ សុថា បានណែនាំបន្ថែម ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋាករទឹកស្វយ័តស្ទោង/តាំងក្រសាំង ត្រូវមានឥរិយាបថទន់ភ្លន់ មានការយោគយល់អធ្យាស្រ័យខ្ពស់ ជាមួយអ្នកប្រើប្រាស់ជាពិសេសពលរដ្ឋក្រីក្រ ត្រូវមានការសម្របសម្រួលឱ្យអស់លទ្ធភាពដើម្បីឲ្យពួកគាត់មានលទ្ធភាពបានប្រើប្រាស់ទឹកស្អាតជាគុណប្រយោជន៍ទាំងអស់គ្នា ហើយបន្តយន្តការដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់កន្លងមកឱ្យបានជ្រះស្រឡះនិងជោគជ័យខ្ពស់។
លើសពីនេះទៀត លោកស្រីឡេង សុភា បានប្តេជ្ញាចិត្តខ្ពស់ក្នុងការដឹកនាំអង្គភាពរដ្ឋករទឹកស្វយ័តស្ទោង តាំងក្រសាំង ឱ្យមានការរីកចម្រើន មានទំនួលខុសត្រូវខ្ពស់ មានសាមគ្គីភាពផ្ទៃក្នុងនិងបង្កើនផលិតកម្មទឹកស្អាតថ្មីៗថែមទៀតដើម្បី ផ្គត់ផ្គង់ជូនពុកម៉ែបងប្អូនប្រើប្រាស់បានគ្រប់គ្រាន់។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។