ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានានៅសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ
(កំពង់ធំ)÷ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈប្រតិភូក្រសួង អមដំណើរដោយឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ មន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី និងមន្ត្រីរាជការជាច្រើនរូប បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា របស់សាខាគយ និងរដ្ឋាករខេត្តកំពង់ធំ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិគីរីវន្ត ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។
លោក ជាប សៅ ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ បានលើកឡើងថា អាគាររដ្ឋបាល អគារស្នាក់នៅរបស់មន្ត្រី ប៉ុស្តិ៍សន្តិសុខ រោងម៉ាស៊ីនភ្លើង ក្លោងទ្វារ ចំណតរថយន្ត រូបសំណាក់ព្រះអង្គប្រក់នាគ បំពាក់ការិយាល័យសម្ភារៈ និងគ្រឿងសង្ហារឹមអគាររដ្ឋបាល រួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ ការិយាល័យគយ និងរដ្ឋាករ បានចាប់ផ្ដើមសានសង់រួចជាស្ថាពរ ដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺដើម្បីបម្រើដល់ការត្រួតពិនិត្យទំនិញចេញចូល។
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា ភារកិច្ចសំខាន់របស់គយ និងរដ្ឋាករ គឺការងារកៀរគរប្រមូលចំណូលពន្ធ ការងារសម្របសម្រួលពាណិជ្ជកម្ម និងការងារចូលរួមចំណែកការពារសន្តិសុខ អធិបតេយ្យ ព្រមទាំងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ជាមួយគ្នានោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានជំរុញដល់ថ្នាក់ដឹកនាំនិងមន្ត្រីសាខាគយខេត្តកំពង់ធំ ត្រូវខិតខំបំពេញភារកិច្ច/តួនាទីរបស់ខ្លួនឱ្យបានល្អ ជាពិសេសត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្ត និងគ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញឱ្យការប្រមូលពន្ធជូនរដ្ឋតាមគ្រប់ផែនការ ក៏ដូចជាលើសផែនការ សម្រាប់សេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ បន្តថា ដើម្បីអនុវត្តការគៀងគរចំណូលឱ្យមានប្រសិទ្ធភាព អង្គភាពសាខាគយ និងរដ្ឋាករទាំងអស់ ជាពិសេសការិយាល័យគយ និងរដ្ឋាករត្រូវខិតខំប្រឹងប្រែងអនុវត្តការងារឱ្យបានល្អ ការបង្កើនយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ ការរត់ពន្ធខុសច្បាប់ ដើម្បីប្រមូលគៀងគររកចំណូលឱ្យបានកាន់តែច្រើន ពោលគឺពង្រឹងការគ្រប់គ្រង ប្រមូលចំណូលឱ្យអស់សក្តានុពល ដើម្បីប្រមូលចំណូលចូលថវិការជាតិ។
សូមជម្រាបថា អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានាទាំងអស់ បានផុសរូបរាងឡើង យ៉ាងប្រណិតតាមស្តង់ដារ ដែលត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះ នឹងជួយបង្កបរិយាកាសការងារកាន់តែល្អ ដល់មន្ត្រីគយ បន្តបំពេញការងារប្រមូលពន្ធកាន់តែល្អថែមទៀត ជាពិសេសជួយពន្លឿនកិច្ចការងារត្រួតពិនិត្យតាមស្តង់ដារ និងធានាបាននូវរាល់ទំនិញត្រឹមត្រូវតាមច្បាប់។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។